អង្គការសុខភាពពិភពលោកបានចេញផ្សាយកាលពីថ្ងៃទី១៤ឧសភាថា រយៈពេល៣០ឆ្នាំខាងមុខទៀត ចំនួនអ្នកកើតមានជំងឺភ្លេចភ្លាំងស្មារតីនឹងកើនឡើង៣ដង ស្របពេលបច្ចុប្បន្ន ជំងឺនេះកំពុងធ្វើឱ្យប៉ះពាល់មនុស្សប្រហែល៥០លាននាក់នៅសាកលលោក និងក្នុងមួយឆ្នាំៗ អ្នកចាប់ផ្ដើមកើតជំងឺភ្លេចភ្លាំងស្មារតីនេះ មានចំនួនជិត១០លាននាក់។

អង្គការនេះព្រមានទៀតថា ក្នុងឆ្នាំ២០៣០ខាងមុន ជំងឺភ្លេចភ្លាំងស្មារតី នឹងរឹតតែធ្វើឱ្យប៉ះពាល់សង្គមកាន់តែធ្ងន់ធ្ងរ ព្រោះជាប្រចាំឆ្នាំពិភពលោក នឹងត្រូវចំណាយប្រាក់ប្រហែល២ទ្រីលានដុល្លារសហរដ្ឋអាមេរិកដើម្បីសម្រាប់មើលថែមនុស្សដែលកើតជំងឺភ្លេចភ្លាំងនេះ។

ជំងឺភ្លេចភ្លាំង ត្រូវគេដឹងថា តែងកើតឡើងចំពោះមនុស្សចាស់ និងធ្វើឱ្យពួកគេអសមត្ថភាពនិងបាត់បង់ភាពទីពឹងខ្លួនឯង ដូចជាបាត់បង់ការចងចាំ ការគិត ការយល់ដឹង ការគណនា សមត្ថភាពរៀនសូត្រ ភាសា និងបាត់បង់ការវិនិច្ឆ័យ។

អង្គការសុខភាពពិភពលោកបានផ្ដល់ការណែនាំថ្មីដើម្បីកាត់បន្ថយការកើតមានជំងឺភ្លេចភ្លាំងនេះ តាមរយៈវិធីសាស្រ្ដមួយចំនួន ដូចជា ការធ្វើលំហាត់ប្រាណទៀងទាត់ មិនជក់បារី មិនប្រើប្រាស់គ្រឿងស្រវឹង រក្សាទម្ងន់កុំឱ្យធាត់ បរិភោគអាហារដែលផ្ដល់សុខភាពល្អ រក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ ព្រមទាំងការរក្សាកម្រិតជាតិស្ករក្នុងឈាមនិងកូឡេស្ដេរ៉ុលឱ្យបានល្អ៕