ក្នុងឱកាសឆ្នាំថ្មីអង្គការសុខភាពពិភពលោក (WHO) បានណែនាំរបរអាហារចំនួន៥ប្រភេទសំខាន់ៗ ដែលជួយឱ្យមនុស្សកាន់តែមានសុខភាពល្អនិងអាចគេចផុតពីជំងឺ។  របរអាហារដែលមានសុខភាពល្អនិងតុល្យភាព នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ហើយការបរិភោគចំណីអាហារ គឺអាចជះឥទ្ធិពលទៅដល់សមត្ថភាពរបស់រាងកាយ ក្នុងប្រឆាំងជំងឺឆ្លងផ្សេងៗ រួមទាំងបញ្ហាសុខភាពដែលអាចកើតឡើងនៅថ្ងៃខាងមុខ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង និងរាល់ប្រភេទជំងឺមហារីក។

ទី១ ត្រូវបរិភោគចំណីអាហារឱ្យបានច្រើនយ៉ាង និងជាពិសេសជាពពួលផ្លែឈើនិងសាច់ឱ្យបានគ្រប់គ្រាន់ដូចជា៖

  • ត្រូវបរិភោគឱ្យបានញឹកញាប់ នូវស្រូវសាលី ពោត អង្ករ ដំឡូង និងបន្លែស្រស់ៗឱ្យបានច្រើនប្រភេទ ព្រមទាំងប្រភពអាហារមកពីសាច់សត្វ ដូចជា ត្រី ស៊ុត និងទឹកគោះជាដើម។
  • ត្រូវជ្រើសរើសប្រភេទអាហារគ្រាប់ធញ្ញជាតិ ដូចជា ពោត អង្ករពណ៌ត្នោតនិងអង្ករសាលី ព្រោះអាហារទាំងនេះ សម្បូរសរសៃFiber  និងអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតរយៈពេលយូរជាង។
  • សម្រាប់អាហារសម្រន់ ត្រូវជ្រើសរើសប្រភេទអាហារ ដែលគ្មានជាតិអំបិល ឬផ្លៃឈើស្រស់ៗ។
Vegetables and fruits trading at the streets of Hoan Kiem District

ទី២ កាត់បន្ថយការប្រើប្រាស់អំបិល

  • ការបរិភោគអំបិលច្រើនពេក អាចនាំឱ្យសម្ពាធឈាមឡើងខ្ពស់ និងជាកត្តានាំទៅរកជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ អង្គការសុខភាពពិភពលោក បានណែនាំឱ្យបរិភោគអំបិល គឺមិនត្រូវច្រើនជាង៥ក្រាម ឬលើសពីមួយស្លាបព្រាកាហ្វេឡើយ នៅក្នុងមួយថ្ងៃ។

ទី៣ កាត់បន្ថយចំណីអាហារដែលប្រើប្រាស់ជាតិខ្លាញ់ច្រើន

  • មនុស្សម្នាក់ៗតែងត្រូវការជាតិខ្លាញ់នៅក្នុងរបរអាហារប្រចាំថ្ងៃ  ប៉ុន្តែការបរិភោគច្រើនពេក នឹងអាចប្រឈមខ្ពស់និងជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រភេទអាហារមានជាតិខ្លាញ់ដែលផលិតតាមបែបឧស្សាហកម្ម  គឺមានគ្រោះថ្នាក់បំផុតសម្រាប់សុខភាព។

ទី៤ កាត់បន្ថយអាហារមានជាតិស្ករខ្ពស់

  • បរិភោគនំចំណីនិងភេសជ្ជៈដែលជាតិស្ករខ្ពស់  គឺមិនត្រឹមតែធ្វើឱ្យប៉ះពាល់ធ្មេញទេ ប៉ុន្តែវាក៏ធ្វើឱ្យប្រឈមខ្ពស់កើតជំងឺធាត់ជ្រុល និងជំងឺទឹកនោមផ្អែមដែរ។  ម្យ៉ាងទៀតត្រូវបញ្ឈប់ការផ្ដល់នំចំណីមានជាតិស្ករខ្ពស់ឬស្ករគ្រាប់ ទៅដល់ក្មេងៗ ដែលមានអាយុក្រោម២ឆ្នាំ។

ទី៥ ឈប់ប្រើប្រាស់គ្រឿងដែលអាចនាំឱ្យមានគ្រោះថ្នាក់និងធ្វើឱ្យប៉ះពាល់សុខភាព

  • គ្រឿងស្រវឹង គឺមិនមែនជាផ្នែកមួយនៃរបរអាហារផ្ដល់សុខភាពឡើយ ប៉ុន្តែក្នុងការអបអរឆ្លងឆ្នាំ  មនុស្សភាគច្រើនបានប្រើប្រាស់គ្រឿងស្រវឹងជ្រុលហួសកំរិត។  ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក ឬញឹកញាប់ពេក គឺជាការប្រឈមខ្ពស់បំផុតទៅនឹងគ្រោះថ្នាក់  ជាពិសេស ប្រឈមនឹងបញ្ហាប៉ះពាល់យូរអង្វែង ដូចជា កើតមានជំងឺសួត ជំងឺមហារីក ជំងឺបេះដូង និងជំងឺផ្លូវចិត្តដែរ។
  • ត្រូវចងចាំថា ការបន្ថយការប្រើប្រាស់គ្រឿងស្រវឹង គឺល្អបំផុតសម្រាប់សុខភាព ហើយរឹតតែល្អឥតខ្ចោះសម្រាប់សុខភាព គឺការឆ្លើយទេចំពោះគ្រឿងស្រវឹង។
  • ចំណុចសំខាន់ មិនត្រូវផឹកគ្រឿងស្រវឹងនៅពេលមានផ្ទៃពោះ ឬអំឡុងបំបៅដោះកូន និងត្រូវបើកបរ ឬត្រូវធ្វើកិច្ចការទាំងឡាយណា ដែលអាចប្រឈមនឹងគ្រោះថ្នាក់ឡើយ។

ប្រភព៖WHO