កុមារអាយុក្រោម៥ឆ្នាំ មិនត្រូវចំណាយពេលយូរក្នុងការអង្គុយមើល​ទូរទស្សន៍​​ឬទូរស័ព្ទឡើយ ប៉ុន្តែត្រូវតែដេកឱ្យបានគ្រប់គ្រាន់និងរត់លេង​ឱ្យបានច្រើនជាង ប្រសិនបើពួកគេចង់បានការធំធាត់បានប្រកបដោយសុខភាពល្អ។ នេះបើតាម​ការណែនាំថ្មីមួយរបស់អង្គការសុខភាពពិភពលោក ដែលទើបចេញផ្សាយ​នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩នេះ។

អង្គការសុខភាពពិភពលោកបន្តថា កុមារដែលមានទម្លាប់បញ្ចេញសកម្មភាពបានច្រើន ហើយគេងបានគ្រប់គ្រាន់ នឹងជួយឱ្យពួកគេមានរាងកាយមាំមួន មានសុខភាពផ្លូវចិត្តល្អ ហើយជួយការពារពួកគេពីការកើតជំងឺធាត់ និងជំងឺផ្សេងៗទៀតនៅពេលខាងមុខ។

WHO បញ្ជាក់ថា ការចេញសេចក្ដីណែនាំនេះ គឺដោយសារនៅទូទាំងពិភព​​លោកជារៀងរាល់ឆ្នាំ មានមនុស្សគ្រប់វ័យទាំងអស់ជាង៥លាននាក់បានស្លាប់ ដោយសារតែពុំបានបញ្ចេញសកម្មភាពរាងកាយឱ្យបានគ្រប់គ្រាន់៕

អត្ថបទ៖ ខ្មែរណាស់