អង្គការសុខភាពពិភពលោក បានស្នើដល់ប្រទេសអាហ្វ្រិកចំនួន៦ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគអេបូឡា បន្ទាប់ពីប្រទេសហ្គីណេកាលពីថ្ងៃអង្គារ៌កន្លងទៅបានរាយការណ៍ពីករណីឆ្លងថ្មី ហើយប្រទេសកុងហ្គោក៏បានរាយការណ៍ថា ការឆ្លងថ្មីនៅក្នុងប្រទេសខ្លួន គឺជាការលេចចេញជាថ្មីនៃការផ្ទុះឡើងវិញនៃមេរោគដ៏សាហាវនេះ។

ប្រទេសហ្គីណេបានប្រកាសពីការវិលត្រឡប់នៃជំងឺនេះឡើងវិញ ក្រោយពីជំងឺនេះធ្លាប់បានផ្ទុះឡើងលើកចុងក្រោយពីឆ្នាំ២០១៣-២០១៦ដែលបានសម្លាប់មនុស្សអស់១១៣០០នាក់នៅ​តំបន់ក្រុមប្រទេសអាហ្វ្រិកខាងលិចនេះ ខណៈប្រទេសកុងហ្គោក៏បានបញ្ជាក់ពីករណីថ្មីចំនួន៤នាក់នៅក្នុងខែនេះ។

លោកស្រី Margaret Harris មន្រ្តីអង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ៌ថា៖«យើងបានជូនដំណឹងដល់ប្រទេសចំនួន៦នៅជុំវិញនោះ រួមមានប្រទេសសេរ៉ាឡេអូន និងលីបេរីយ៉ា ហើយពួកគេកំពុងធ្វើដំណើរយ៉ាងលឿនដើម្បីត្រៀមខ្លួននិងស្វែងរកការឆ្លងដែលអាចកើតមាន»។



ប្រទេសជិតខាងរបស់ហ្គីណេរួមមាន ប្រទេសសេណេហ្គាល់ ប្រទេសហ្គីណេប៊ីសូ ប្រទេសម៉ាលី ប្រទេសកូដឌីវ័រ ប្រទេសសេរ៉ាឡេអូន និងប្រទេសលីបេរីយ៉ា។ រហូតមកដល់ពេលនេះហ្គីណេបានកត់ត្រាករណីសង្ស័យអេបូឡាចំនួន១០ករណី និងមានមនុស្សស្លាប់៥នាក់។

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារ៌ថាចា ប់តាំងពីការប្រកាសអំពីការផ្ទុះឡើងវិញនៅថ្ងៃអាទិត្យ ប្រទេសខ្លួនបានរកឃើញអ្នកទំនាក់ទំនងប៉ះពាល់ជាអ្នកផ្ទុកជំងឺអេបូឡានេះចំនួន១១៥នាក់។

តាមការស្រាវជ្រាវរបស់ WHO បានឱ្យដឹងថា លំដាប់នៃហ្សែននៃសំណាកអេបូឡាពីប្រទេសកុងហ្គោនិងហ្គីណេ កំពុងត្រូវបានពិនិត្យដើម្បីស្វែងយល់បន្ថែមអំពីប្រភពដើមនៃការផ្ទុះឡើងវិញនេះ និងកំណត់អត្តសញ្ញាណនៃជំងឺនេះ៕