ឧទ្យានុរក្សសត្វព្រៃដែលល្បាតក្នុងដែនជម្រកសត្វព្រៃកែវសីមា បានផ្តិតយករូបភាពសត្វមេអំបៅដ៏ស្រស់ស្អាតបីប្រភេទ និងបានផ្តល់ព័ត៌មានទៅកាន់ជំនាញការរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីកំណត់អត្តសញ្ញាណ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការ WCS ការរកឃើញនេះ ជាលើកទីមួយហើយ ដែលប្រភេទសត្វទាំងនេះ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។

លោក Olly Griffin ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ WCS បាននិយាយយ៉ាងនេះថា៖«ប្រភេទសត្វនេះត្រូវបានចាត់ចូលក្នុងក្រុមដែលយើងកំពុងសិក្សាស្រាវជ្រាវក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ហើយការរកឃើញប្រភេទសត្វថ្មីៗនេះ បានបង្ហាញអំពីការសហការដៃគូដ៏ល្អប្រសើររវាងឧទ្យានុរក្សនៃមន្ទីរបរិស្ថាននិងអង្គការ WCS»។ លោកបានបន្តទៀតថា ការរកឃើញនេះ ក៏បានបង្ហាញពីសារៈសំខាន់នៃគម្រោងអភិរក្សសត្វព្រៃនិងគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។