អាជ្ញាធរខេត្តព្រះសីហនុបានចេញសេចក្ដីថ្លែងការណ៍ ​ដើម្បីបង្ហាញការសោកស្ដាយ​ចំពោះជនរងគ្រោះ ដែលបានស្លាប់ និងរងរបួសក្នុងករណី​រលំអគារ​កម្ពស់៧​ជាន់​​នៅម៉ោង៥ព្រឹកថ្ងៃទី២២មិថុនា ហើយគិតត្រឹមម៉ោង ៥ល្ងាចថ្ងៃដដែល អ្នក​ស្លាប់បាន​កើនដល់​ ៧នាក់ និងអ្នករងរបួសកើនដល់២៣នាក់ហើយ ស្របពេល​ក្រុមអាជ្ញាធរ នៅតែបន្តជួយសង្គ្រោះ ដោយរុករកអ្នកបាត់ខ្លួនរាប់សិប​នាក់ផ្សេងទៀត​នៅក្រោម​​កម្ទេចបាក់បែក។

អាជ្ញាធរក៏បញ្ជាក់ថា ខ្លួននឹងស្វែងរកមូលហេតុពិត ដែលបណ្ដាលឱ្យរលំអគារនេះ ខណៈអាជ្ញាធរអះអាងថា ជាអគារសាងសង់ដោយក្រុមហ៊ុនចិន ស្របពេល​មនុស្ស​​៤នាក់ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ។

អាជ្ញាធរ បញ្ជាក់ថា នឹងផ្ដល់ប្រាក់ចំនួន២លាន៥០ម៉ឺនរៀល និងក្ដារមឈូស​មួយក្នុង​មួយ​សព ដើម្បីឱ្យគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសទាំងអស់ កំពុងត្រូវបានព្យាបាលយ៉ាងចិត្តទុកដាក់ពីសំណក់គ្រូពេទ្យ។

ពាក់ព័ន្ធនឹងករណីនេះដែរ សម្តេច ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ​ពីក្រៅប្រ​​ទេស ខណៈកំពុងចូលរួមប្រជុំអាស៊ាននៅប្រទេសថៃ។ សម្តេចបញ្ជាក់ថា នឹងនៅតែ​តាមដានសកម្មភាពរុករកទាំងយប់បន្តទៀត៕