ប្រជាជនភូមានៅតែមិនខ្លាចចំពោះការបង្ក្រាបកាន់តែខ្លាំងពីសំណាក់ក្រុមយោធា។ នៅថ្ងៃពុធនេះ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បន្តចេញប្រមូលផ្ដុំគ្នានៅតាមដងផ្លូវសាធារណៈនៅក្នុងទីក្រុងយ៉ាងហ្គន ដើម្បីទាមទារឱ្យយោធាប្រគល់អំណាចនិងត្រូវដោះលែងលោកស្រី អ៊ុង សានស៊ូជី មកវិញ។

ការចេញតវ៉ានេះ បានធ្វើឡើង ថ្វីត្បិតកាលពីថ្ងៃចន្ទកន្លងទៅនេះ នៅទីក្រុងម៉ាន់ដាឡៃ ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសភូមា គឺក្រុមកងកម្លាំងសន្ដិសុខបានប្រើវិធីកាន់​តែហិង្សាដើម្បីបំបែកក្រុមពលរដ្ឋតវ៉ា ដោយប្រើកាំភ្លើងភ្ជង់ក្រុមពលរដ្ឋចំនួន១ពាន់នាក់ ប្រើជំពានបាញ់ទៅលើក្រុមបាតុករ និងប្រើដំបងវាយប្រហារទាំងកម្រោលទៅក្រុមបាតុ​ករ​ជាដើម។ សារព័ត៌មានក្នុងតំបន់ក៏បានរាយការណ៍ថា ក្រុមប៉ូលីសក៏បានប្រើគ្រាប់កាំ​ភ្លើងជ័រដើម្បីបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាដែរ។

ការបង្ក្រាបកាន់តែហិង្សាពីសំណាក់រដ្ឋាភិបាលដឹកនាំដោយយោធានេះ គឺកើតឡើងក្រោយ​ពីពួកគេបានប្រកាសឱ្យពលរដ្ឋឈប់ចេញតវ៉ា គឺមិនត្រូវធ្វើការប្រមូលផ្ដុំគ្នា​លើស​ពី​៥​នាក់ឡើយ។ ក្រុមនិស្សិតភូមាដែលចេញតវ៉ានៅថ្ងៃពុធនេះបានប្រាប់សារព័ត៌​មាន​AFP​ថា ពួកគេនៅតែតស៊ូប្រយុទ្ធរហូតដល់ទីបញ្ជប់ តាមរយៈការបង្ហាញពីភាពសាមគ្គីគ្នានិងកម្លាំងរួមគ្នាដើម្បីបញ្ចប់របបផ្ដាច់ការយោធាវិញ។

ក្រុមអ្នកតវ៉ានៅភូមាដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេសនេះ បានហៅការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីសំណាក់ក្រុមយោធាកាលពីថ្ងៃទី១កុម្ភៈថា ដែលបានរុញច្រានឱ្យប្រទេស​រង​ទណ្ឌកម្មពីអន្តរជាតិជាថ្មីនេះ ថាជាសកម្មភាពកំពុងបំផ្លាញអនាគតយុវជនជំនាន់ក្រោយនិងអនាគតរបស់ប្រទេសជាតិទាំងមូល។

អន្តរជាតិកំពុងព្រួយបារម្ភថា ក្រុមយោធាអាចឈានដល់ការធ្វើសង្គ្រាមដើម្បីប្រឆាំងនឹងពលរដ្ឋខ្លួនម្ដងទៀត ស្របពេលកាលពីឆ្នាំ១៩៨៨ ក្រុមយោធាធ្លាប់ប្រើប្រាស់កម្លាំងបង្ក្រាប​ក្រុមអ្នកទាមទារលទ្ធិប្រជាធិបតេយ្យម្ដងរួចហើយ ដោយបានបាញ់សម្លាប់មនុស្សអស់រាប់ពាន់នាក់ និងត្រូវអង្គការសិទ្ធិមនុស្សអន្តរជាតិហៅថាការបង្ក្រាបនៅពេលនោះ ថាជាការសម្លាប់ក្រុមបាតុករដ៏រង្គាលមួយ។ ការព្រួយបារម្ភនេះ ដោយសារចាប់តាំងពីយប់ថ្ងៃទីអាទិត្យមក គេបានឃើញក្រុមយោធាចល័តកងទ័ពដាក់ពង្រាយនៅទូទាំងប្រទេស និងបានបញ្ជូនរថពាសដែកចូលមកតាមទីក្រុងធំៗមួយចំនួន ដើម្បីត្រៀមបង្ក្រាបក្រុមបាតុករអហិង្សា។



អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោក Tom Andrews បាននិយាយនៅក្រោយមានការចល័តទ័ពមកប្រឈមមុនជាមួយក្រុមអ្នកតវ៉ានេះថា លោកមានការបារម្ភកាន់តែខ្លាំងឡើងពីស្ថានការណ៍នៅប្រទេសភូមា ដោយសារមានរបាយការណ៍នៃការបញ្ជួនទ័ពចេញពីតំបន់ដាច់ស្រយាលនានាចូលមកកាន់ទីក្រុងសំខាន់ៗ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញពីការិយាល័យនៅទីក្រុងហ្សឺណែវថា កាលពីមុន ការចល័យកងទ័ពបែបនេះ បានកើតឡើងមុនពេលមានការសម្លាប់ ការបាត់ខ្លួន និងការឃុំខ្លួនក្រុមបាតុករទ្រង់ទ្រាយធំ។

លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវបានឃុំខ្លួនក្នុងផ្ទះតាំងពីថ្ងៃទី១កុម្ភៈ បានប្រឈមនឹងការចោទប្រកាន់ពីបទល្មើសថ្មីមួយទៀតពីសំណាក់ក្រុមយោធា គឺបទល្មើសរំលោភលើវិធាន​ការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលត្រូវគេលើកឡើងថា ជាលេសរបស់យោធាដើម្បីអាចបន្តអូសបន្លាយឃុំខ្លួនលោកស្រីថែមទៀត ព្រោះជាបទចោទមួយដែលជាប់ពន្ធនាគាររហូត៣ឆ្នាំ។ បទចោទនេះ ទំនងនឹងធ្វើឱ្យក្រុមពលរដ្ឋកាន់តែមានកំហឹងខ្លាំងឡើងទៅលើក្រុមយោធា។

ការដាក់ចេញបទចោទនេះ ក៏បានធ្វើឱ្យអង្គការសហប្រជាជាតិប្រតិកម្មជាថ្មី ដើម្បីឱ្យ​ដោះ​លែងលោកស្រី អ៊ុង សានស៊ូជី និងមន្រ្តីជាប់ឆ្នោតផ្សេងទៀតដែលត្រូវបានឃុំខ្លួន។ ចំណែកនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏បានហៅការចោទប្រកាន់ថ្មីថាជារឿងប្រឌិត និងរំលោភសិទ្ធិលោកស្រី អ៊ុង សានស៊ូជី ធ្ងន់ធ្ងរ ដែលក្រុមយោធាត្រូវបានទទួលខុសត្រូវចំពោះរឿងនេះ។

ថ្វីត្បិតអន្តរជាតិនាំគ្នាថ្កោលទោសកាន់តែខ្លាំងអំពីសកម្មភាពរបស់យោធានៅភូមាក្ដី ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលចិនមិនទាន់បានបង្ហាញការថ្កោលទោសចំពោះរដ្ឋប្រហារនៅភូមានៅឡើយទេ។ ក្រុមពលរដ្ឋអ្នកតវ៉ាខ្លះបានចោទប្រកាន់រដ្ឋអំណាចទីក្រុង​ប៉េកាំង ដែលជាអ្នកតែងផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់ភូមានិងជាប្រទេសវិនិយោគដ៏ធំមួយ ថាកំពុងគាំទ្ររបបយោធា ប៉ុន្តែអគ្គរដ្ឋទូតចិនបានបដិសេធ។

សហរដ្ឋអាមេរិកនៅតែបន្តដាក់សម្ពាធលើប្រទេសចិនដើម្បីថ្កោលទោសរដ្ឋប្រហារយោធានៅភូមា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធនេះថា ប្រទេសចិនគួរតែដើរតួនាទីក្នុងន័យស្ថាបនានៅភូមា៕