ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន វីសា បានចុះអនុស្សរណៈយោគយល់ដើម្បីបន្តសហការលើគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត។ ពិធីនេះ រៀបចំឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ក្រោមវត្តមាន លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ។


លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន វីសា នឹងបន្តសហការគ្នាក្នុងយុទ្ធនាការដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនិងពង្រីកការចូលរួមផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាគ្រប់វ័យ។ កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះ ជាប្រភពនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដែលអាចទាញយកដោយឥតគិតថ្លៃ តាមរយៈកម្មវិធី Google Play និង App Store។

ធនាគារជាតិនៃកម្ពុជាបានកំណត់ទិសដៅនៃការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទៅ ពិសេសកុមារពីកម្រិតបឋមដល់កម្រិតទុតិយភូមិ។

លោកស្រី ជា សិរី បញ្ជាក់ថា ប្រសិនបើប្រជាជន មិនយល់អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុច្បាស់លាស់ទេ វានិងអាចនាំមកនូវហានិភ័យនៅក្នុងជីវភាពប្រចាំថ្ងៃ។ «ដូច្នេះកម្មវិធីAPP ក្នុងទូរ សព្ទ័ ដែលយើង​បង្កើតនិងផ្តល់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ តាមរយៈការជំរុញនិងលើកទឹកចិត្ត អោយអ្នកអាន ពិសសេយុវជនអោយពិភាក្សាពីសារៈសំខាន់ នៃការគ្រប់គ្រងប្រាក់ក្នុងគ្រួសារ និងស្វែងរកព័ត៌មានបន្ថែម ដើម្បីសម្រេចចិត្តត្រឹមត្រូវ ក្នុងការទទួលយកសេវាហិរញ្ញវត្ថុ និងគំរោងថ្មីៗទៀត ជាមួយគ្រឹះស្ថាន ឯកជនឬរដ្ឋ ក្នុងការផ្តល់ហិរញ្ញវត្ថុ ពិសេសគឺឥណទានតែម្តង»។ នេះជាការលើកឡើងរបស់ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។

បើតាមលោកស្រី ជា សិរី ធនាគារជាតិ នៃកម្ពុជា បានកំណត់ទិសដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងកិច្ចការងារនេះ ហើយគោលបំណងចម្បង គឺការអប់រំដល់កុមារ ពីកម្រិតបឋមរហូតដល់កម្រិតទុតិយភូមិហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាអនុម័តជាផ្លូវការបញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ និងបានកំពុងធ្វើបច្ចុប្បន្នកម្ម៕

ប្រជាពលរដ្ឋនៅកម្ពុជា ប្រហែល ១៨% តែប៉ុណ្ណោះ ដែលមានចំណេះផ្នែកហិរញ្ញវត្ថុ។ នេះបើតាមការស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា៕