ខ្សែបម្រើប្រយុទ្ធ Joao Felix របស់ Atletico Madrid បានជួបបញ្ហា​របួស​សរសៃពួរ​ជង្គង់​​ខាង​ឆ្វេងពេល​កំពុងហ្វឹក​ហាត់ នៅ​ថ្ងៃចន្ទទី២៥ ខែឧសភា​ ដែល​នឹង​បង្ខំ​ឱ្យ​គេ​ត្រូវ​អវត្តមាន ​ដើម្បីសម្រាកព្យាបាល​ប្រហែល ៣សប្ដាហ៍។

ពេល​ដែល​ការប្រកួត​លីគ La Liga ចាប់​ផ្ដើម​ឡើងវិញ​នៅដើម​ខែមិថុនា ក្លឹប Atletico Madrid នឹងត្រូវធ្វើ​ដំណើរ​ទៅជួប​ប្រកួត​ជាមួយក្លឹប Athletic Club។ យោងតាម​សេចក្ដីថ្លែងការណ៍​របស់ក្លឹប Atletico Madrid កីឡាករ Joao Felix បាន​រងរបួស​ស្រាល​លើ​សរសៃពួរជង្គង់ខាងឆ្វេង​ ក្រោយ​ពីបានពិនិត្យ​នៅមជ្ឈមណ្ឌល​ Clinica Universidad de Navarra។



Image may contain: 2 people, people playing sports and outdoor

គួររម្លឹក​ផងដែរថា នេះជាលើកទី៣ ហើយ​ដែល Felix រងរបួស​ក្នុងរដូវកាល​ដំបូង​របស់​ខ្លួន​នៅ​ក្លឹប Atletico។ លើកទី១ គេមានរបួសគ្រេច​កជើងពេលប្រកួត​ជាមួយក្លឹប Valencia ធ្វើឱ្យគេ​ខក​ ៤ប្រកួត​ក្នុង​លីគ La Liga និង ២ប្រកួតទៀត​នៅ​ក្នុងការប្រកួត Champions League។ លើក​ទី២ គេមានរបួស​សាច់ដុំ​​មុន​ពេលប្រកួតជាមួយក្លឹប​ Real Madrid នៅក្នុងទឹកដី Santiago Bernabeu ធ្វើឱ្យ​គេ​ខក​ ៣ប្រកួត​ក្នុងលីគ​ La Liga និង​ខក​ការប្រកួត Champions League ជើងទី១ ជាមួយក្លឹប Liverpool។ ដោយសារ​បញ្ហា​របួស​ប៉ុន្មានលើក​នេះ Felix ទើប​តែចូលលេងបាន ២៨ប្រកួត​ប៉ុណ្ណោះ ក្នុងរដូវកាលនេះ៕

ប្រភព៖ beIN SPORTS