ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណៈរដ្ឋកូរ៉េ​(KOICA) បានផ្តល់សម្ភារបច្ចេកទេសផ្នែកកសិកម្មមួយចំនួន ដល់សកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីឲ្យសាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យនេះ ពង្រឹងនូវការសា្រវជ្រាវរបស់ខ្លួន ។

ពិធីនេះធ្វើឡើង នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃចន្ទី ទី ៣ ខែកញ្ញា ដោយមានវត្តមាន លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម ជាតំណាងទទួលគ្រឿងសម្ភារបរិក្ខាររោងជាង និងម៉ាស៊ីនកសិកម្ម ដែលជាជំនួយនោះ។ លោក គឹមស៊ា អំណរគុណអង្គការ KOICA ដែលបានផ្តល់អ្នកស្ម័គ្រចិត្ត និងផ្តល់ជំនួយឥតសំណងជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពនានា ក្រោមឱវាទក្រសួងនាពេលកន្លងមក។

សម្ភារបរិក្ខារ និងម៉ាស៊ីនកសិកម្មដែលនឹងត្រូវប្រគល់់ជូនសាកលវិទ្យាល័យ ដោយអង្គការKOICA រួមមាន៖ ម៉ាស៊ីនម៉ាស៊ូត ចំនួន ៥គ្រឿង ម៉ាស៊ីនស្ទូង ១គ្រឿង ម៉ាស៊ីនពូនរង និងគ្របផ្លាស្ទិក ១គ្រឿង ម៉ាស៊ីនពត់បំពង់ទីប ១គ្រឿង តុសម្រាប់ជួសជុលម៉ាស៊ីនចំនួន៥គ្រឿង សម្ភារជួសជុល​៤២១មុខ និងបានជួសជុលលាបថ្នាំ និងសាងសង់ជណ្តើរជូនមហាវិទ្យាល័យផងដែរ។