
Joe Hart បាននិយាយអំពីឥទ្ធិពលចំពោះផ្លូវចិត្តរបស់គាត់ ពេលដែលអ្នកចាត់ការក្លឹប Manchester City មិនជ្រើសយកគាត់។
អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសវ័យ ៣៣ឆ្នាំរូបនេះ លែងក្លាយជាទីចាប់អារម្មណ៍ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ កាលពីឆ្នាំ២០១៦។ លោក Guardiola ពេញចិត្តអ្នកចាំទី Claudio Bravo ជាង Joe Hart ព្រោះគាត់យល់ថាមានការលេងផ្ដើមពីខាងក្រោមទៅមានផលល្អជាងចំពោះប្រព័ន្ធលេងរបស់គាត់។
Hart ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Burnley បានជជែកអំពីរឿងនេះជាមួយព្រះអង្គម្ចាស់ William ក្នុងកម្មវិធីមួយដែលមានឈ្មោះថា “កីឡាបាល់ទាត់ ព្រះអង្គម្ចាស់ William និងសុខភាពផ្លូវចិត្តរបស់យើង” ដែលចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ BBC One ។

ពេលដែលព្រះអង្គម្ចាស់ William សួរថាតើហេតុការណ៍អ្វីដែលបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តគាត់ខ្លាំងបំផុតក្នុងអាជីពរបស់គាត់ អ្នកចាំទីរូបនេះបានឆ្លើយថា៖ “ស្ដាប់ទៅហាក់ដូចជាគួរឱ្យអាណិត ប៉ុន្តែវាជាការពិត គឺការដែលលែងបានចូលលេង និងអារម្មណ៍ដែលលែងមានគេត្រូវការ”។
Hart បានបន្តទៀតថា មិនមែនលោក Guardiola មិនចូលចិត្តគាត់នោះទេ គ្រាន់តែគាត់មិនគ្រប់តាមលក្ខខណ្ឌដែលអ្នកចាត់ការរូបនេះចង់បានប៉ុណ្ណោះ។ ស្ថានភាពបច្ចុប្បន្នរបស់គាត់ក៏មិនសូវជាប្រសើរប៉ុន្មានដែរ ព្រោះគាត់ត្រូវប្រជែងយកតួនាទីអ្នកចាំទីជម្រើសទី១។ ទោះជាយ៉ាងនេះក្ដី អតីតអ្នកចាំទីដែលធ្លាប់ឈ្មះពានរង្វាន់ស្រោមដៃមាស ៤រដូវកាលក្នុងលីគកំពូលអង់គ្លេសរូបនេះមិនចុះចាញ់ស្ថានភាពនេះឡើយ៕
ប្រភព៖ BBC One