លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA ជួបពិភាក្សាពីគម្រោងស្តីពីការដាំ និងការធ្វើអាជីវកម្មប្រភេទស្មៅចំណី Sorghum Silage នៅថ្ងៃទី ២១ ខែឧសភា ។ គម្រោងនេះ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA សម្រាប់រយ:ពេល២ឆ្នាំ អនុវត្តដោយក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការនិងសម្របសម្រួលជាមួយអង្គការ CMAC និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តបាត់ដំបង។

ពាក់ព័ន្ធនឹងគម្រោងដាំស្មៅចំណី Sorghum Silage លោក វេង សាខុន បានលើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាកសិកម្មមានការរីកចម្រើន ការប្រើប្រាស់គ្រឿងយន្តកសិកម្មស្ទើរតែទាំងអស់ បានធ្វើឲ្យកសិករបង្វែរគោលដៅពីការចិញ្ចឹមគោ ក្របីសម្រាប់ជាកំលាំងអូសទាញ មកចិញ្ចឹមដើម្បីធ្វើពាណិជ្ជកម្មវិញ ដែលការផ្លាស់ប្តូរនេះបានជួយដល់ពួកគាត់រកបានចំណូលបន្ថែមបានយ៉ាងល្អ ទន្ទឹមនឹងក្រសួងកំពុងជំរុញផលិតកម្មសត្វ និងចំណីសត្វ។

លោក Yuji SEGOSHE បានលើកឡើងថា កាលពីឆ្នាំ ២០១៨ គម្រោងផលិតបានជាចំណីសត្វបានប្រមាណជា២១១តោន សម្រាប់ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនៅរាជធានីភ្នំពេញ ដោយក្នុង១តោន ទទួលបានតម្លៃពី ៧០-៨០ ដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០១៩នេះ គ្រោងបង្កើនការផលិតឲ្យបាន៤៥០តោន។

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នផលិតកម្មនៅមានកម្រិត ការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ បញ្ហាចំបងក្នុងពេលបច្ចុប្បន្នគឺមធ្យោបាយ និងតម្លៃនៃការដឹកជញ្ជូន រួមជាមួយការកង្វះប្រភពទឹកស្រោចស្រព។ ដោយឡែក ដោយពិនិត្យឃើញអំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងបោះទុនវិនិយោគយកស្មៅប្រភេទនេះមកផលិតជាជីកុំប៉ុស្តិសម្រាប់បម្រើឲ្យវិស័យកសិកម្មនាពេលអនាគតផងដែរ។

ដូច្នេះ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យ និងចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យលោក Yuji SEGOSHE និងក្រុមហ៊ុន ANP ពិនិត្យលទ្ធភាពពង្រីកការអនុវត្តគម្រោងឲ្យបានទូលំទូលាយដោយត្រូវ÷ ទី១. រៀបចំចងក្រងសហគមន៍ផលិត ដើម្បីបង្កើនបរិមាណផលិត ធានាដល់ការផ្គត់ផ្គង់។ ទី២. បង្កើនការផ្សព្វផ្សាយពូជ និងបច្ចេកទេសដាំដុះស្មៅប្រភេទនេះឲ្យបានទូលំទូលាយដល់កសិករ និងកសិដ្ឋាន។ ទី៣. បង្វែរគោលដៅផ្គត់ផ្គង់មកផ្គត់ផ្គង់ក្នុងតំបន់ផលិតវិញ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ទី៤. សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបង្កើនការដាំដុះ ជាពិសេសនៅតំបន់ខ្ពង់រាបដើម្បីជួយស្រទាប់ដីមិនឲ្យបាត់បង់ជាតិទឹក និងបង្កើនគុណភាពដី។ ទី៥. រៀបចំ និងបំពេញខ្សែច្រវាក់ផលិតកម្មពីមុនការដាំដុះ រហូតដល់ការធ្វើពាណិជ្ជកម្មឲ្យបានពេញលេញ ដូចជាការដាំដុះ ចិញ្ចឹម និងផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង។