ការសិក្សាថ្មីមួយបានរកឃើញថា បុរសវ័យពាក់កណ្ដាលដែលអាចអាវ៉ង់ម្ដងបានចំនួន៤០ឬច្រើនជាងនេះ គឺជួយពួកគេមិនឱ្យប្រឈមនឹងជំងឺបេះដូងផ្សេងៗយ៉ាងមានប្រសិទ្ធភាព។ នេះបើតាមការលើកឡើងដោយសាកលវិទ្យាល័យHarvard តាមTwitterកាលពីថ្ងៃទី១៩ ខែកុម្ភៈ។

ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃថា បុរសដែលអាចអាវ៉ង់ម្ដងបានច្រើនជាង៤០ដង គឺជួយឱ្យពួកគេកាត់បន្ថយហានិភ័យកើតមានជំងឺបេះដូងរហូត៩៦% បើប្រៀបធៀបទៅអ្នកដែលអាចអាវ៉ង់បានតែជាង១០។

ការអះអាងបែបនេះ បន្ទាប់ពីមានការសិក្សារយៈពេល១០ឆ្នាំមួយ ទៅលើក្រុមបុរសពន្លត់អគ្គីដ៏សកម្មចំនួន១១០៤នាក់ ដែលពួកគេមានអាយុចាប់ពី៤០ឆ្នាំឡើង ហើយក្នុងការសិក្សាមួយទស្សវត្សរ៍នោះ គឺបុរសអគ្គីភ័យចំនួន៣៧នាក់ ត្រូវគេដឹងថាកើតជំងឺបេះដូង ដូចជាជំងឺគាំងបេះដូង ជំងឺខ្សោយបេះដូង និងសរសៃឈាមក្នុងខួរក្បាល។

នៅក្នុងសិក្សានេះបានរកឃើញថា បុរសម្នាក់នៅក្នុងចំណោមទាំងនោះគឺមានការប្រឈមហានិភ័យតិចបំផុតចំពោះកើតជំងឺបេះដូង បន្ទាប់ពីរូបគេអាចអាវ៉ង់ម្ដងបានច្រើនជាង៤០ នៅពេលចាប់ផ្ដើមដំណើរការសិក្សាដំបូង៕