សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា តារាបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo បានធ្វើតេស្តវិជ្ជ​មាន​កូវីដ​១៩​។

សហព័ន្ធនេះបាននិយាយថា ខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus វ័យ ៣៥ ឆ្នាំរូបនេះ មានសុខភាពធម្មតា និងត្រូវបានដាក់ឱ្យនៅដាក់ដោយឡែក ដែលនឹងឱ្យរូបគេត្រូវខក​ខាន​ការប្រកួត Nations League នៅថ្ងៃពុធនេះ ទល់នឹងក្រុមជម្រើសជាតិស៊ុយអែត។

កីឡាករឆ្នើម រ៉ូណាល់ដូ បានបង្ហាញខ្លួនក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិព័រទុយហ្កាល់និងក្រុមជម្រើសជាតិបារាំងនៅទឹកដីបារាំងក្នុងពានរង្វាន់ Nations League កាលពីថ្ងៃអាទិត្យ និងលទ្ធផល ០-០ កាលពីថ្ងៃពុធក្នុងការប្រកួតមិត្តភាពនៅម្ចាស់ផ្ទះអេស្ប៉ាញ។



ឥឡូវនេះ គេមិនទាន់ដឹងច្បាស់ថា តើ Ronaldo នឹងចូលរួមប្រកួតឱ្យ Juve សម្រាប់​លីគ​អ៊ី​តាលី Serie A នៅថ្ងៃសៅរ៍នេះ និងការប្រកួតការបើកវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ៌សប្ដាហ៍ក្រោយបានឬទេ?

កីឡាករដែលនៅសេសសល់ក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ បានទទួលលទ្ធផលតេស្តនៅព្រឹកថ្ងៃអង្គារ៍នេះអវិជ្ជមាន៕