រូបពីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC

ភ្នំពេញ៖ អ្នកឆ្លងជំងឺCOVID-19 កើនឡើង១០២នាក់ហើយនៅកម្ពុជា ក្រោយពីគ្រួសារមួយ មានគ្នា៤នាក់ តេស្តឃើញវិជ្ជមាន។ ដោយឡែកអ្នកជាសះស្បើយកើនឡើង១៣នាក់ គិតត្រឹមថ្ងៃទី២៨ មីនា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខភិបាល បានបញ្ជាក់ថា សមាជិកគ្រួសារ មានគ្នា៤នាក់ ដែលមានឪពុកវ័យ៦២ឆ្នាំ និងម្ដាយវ័យ៦១ឆ្នាំ រួមទាំងកូនប្រុសវ័យ៣៩ឆ្នាំ និងកូនស្រីវ័យ៣៧ឆ្នាំ ដែលផ្ទុកវីរុសCOVID-19នេះ ទើបតែត្រឡប់មកពីប្រទេសបារាំង កាលពីថ្ងៃទី១៥ មីនា ។ បច្ចុប្បន្នក្រុមមន្ត្រីជំនាញ បានយកពួកគេទៅដាក់ឱ្យនៅដោយឡែកក្នុងបន្ទប់សម្រាកព្យាបាលនៃមណ្ឌលសុខភាពចាក់អង្រែក្រោម។

ដោយឡែកបុរសជនជាតិខ្មែរ២រូបទៀត ដែលមានវ័យ៦៤ឆ្នាំនៅរាជធានីភ្នំពេញ និងវ័យ៤១ នៅខេត្តបន្ទាយមានជ័យ បានជាសះស្បើយវិញ។ សរុបមកអ្នកជាសះស្បើយមានចំនួន១៣នាក់ហើយ ក្នុងនោះខ្មែរ១១នាក់ អង់គ្លេស១នាក់ និងចិន១នាក់។