យុវជន​ចំនួន ១០​​នាក់​ មកពី ១០ សកលកលវិទ្យាល័យផ្សេងៗគ្នា នឹង​ប្រកួត​​សមត្ថភាព​និយាយ​ជាសាធារណៈ​លើ​ប្រធាន​បទ​ «ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី»​ នៅ​​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនេះ​។​ កម្មវិធីដែលរៀបចំឡើងដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា CMH នេះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី ១៨ ខែតុលា នៅមន្ទីរពេទ្យកុមារជាតិ។ ក្នុងចំណោមយុវជនទាំង ១០ នាក់នោះ​ មាន​តែ​យុវជន​តែ៥នាក់​ប៉ុណ្ណោះ ​នឹងត្រូវ​ជ្រើសរើស​ទៅវគ្គ​ផ្តាច់ព្រ័ត្រ​។​

បើតាមសេចក្តីជូនដំណឹងរបស់អង្គការ ចលនាដើម្បីសុខភាពកម្ពុជា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង​ ​ដើម្បី​បំផុស​យុវជន​ស្វែង​យល់​ពីអនុក្រឹត្យនេះ​និង​លើក​ជា​អនុសាសន៍​ ក្នុងគោលដៅអោយ​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​កាន់តែ​ប្រសើរ។​ «​ផ្សែង​បារី​មានគ្រោះថ្នាក់​ ​ ចំពោះ​អ្នក​ជក់​ និងអ្នកស្រូបផ្សែង​បារី​ពីគេ​។ តាមរបាយការណ៍​របស់​អង្គការសុខភាព​ពីភពលោក​ មនុស្ស​៧លាន​នាក់​បាន​ស្លាប់​ជារៀងរាល់ឆ្នាំ​ដោយសារ​ជំងឺដែល​បណ្តាល​មក​ពី​ការប្រើប្រាស់​ថ្នាំជក់​ ក្នុង​នោះ​ជិត១លាន​នាក់​ជាអ្នក​ស្រូប​ផ្សែង​បារី​ពីគេ​។​ ចំពោះប្រទេស​កម្ពុជា​ថ្នាំជក់​បាន​សម្លាប់​មនុស្ស​ប្រមាណ​១ម៉ឺន​នាក់​ជារៀង​រាល់​ឆ្នាំ​»។ នេះបើតាមសេចក្តីជូនដំណឹងដដែល។

យោងតាមលទ្ធផលនៃការអង្កេត​ការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់​ នៅ​ខែមករា ឆ្នាំ២០១៨ ក្នុងខេត្តសៀមរាប​ ដែល​រៀប​ចំដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ អ្នក​គ្រប់​គ្រង​ ឬម្ចាស់​មូលដ្ឋាននៃ​កន្លែងធ្វើការនិងកន្លែងសាធារណៈ​​ ​​រួមមាន​​សណ្ឋាគារ ផ្ទះសំណាក់​ ភោជនីយដ្ឋាន​ កន្លែង​លក់​គ្រឿង​ទេស​ជាដើម​ប្រមាណ៥៨%​ បានប្រាប់​ថា​ពួកគេ​យល់ដឹង​ពី​ច្បាប់ហាមឃាត់មិនអោយជក់បារីនៅកន្លែងធ្វើការនិងកន្លែងសាធារណៈ​ ក៏ប៉ុន្តែ​ការអនុវត្តជាក់ស្តែង​ ការ​បិទ​ផ្លាក​សញ្ញា​ហាម​ជក់​បារី​នៅ​កន្លែង​ទាំងនេះ​ ​មាន​ប្រមាណ​តែ​២៩%​ប៉ុន្នោះ​។​ ទោះបីជាមានការបិទផ្លាកសញ្ញាហាមជក់បារីអនុវត្តបានល្អនៅកន្លែងមួយចំនួន ក៏ប៉ុន្តែយើងនៅតែសង្កេតឃើញមានអ្នកកំពុងជក់បារី ក្នុងអាគារនៅកំឡុងពេលនៃការអង្កេត។ ​ជាក់ស្តែង ៤៤%នៃគ្រឹះស្ថានសាសនា  ៣៣%នៃសាលាសង្កាត់ ២៥%នៃបុស្តិ៍នគរបាល ១៥%នៃភោជនីយដ្ឋាន/អាហារដ្ឋាន/ហាងកាហ្វេ  ៧%នៃសណ្ឋាគារ/ផ្ទះសំណាក់ ឃើញមានអ្នកកំពុងជក់បារីនៅក្នុងអាគារ។

ការ​អនុវត្តបរិស្ថាន​គ្មាន​ផ្សែង​បារី​ បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ធំធេង ​  ដល់​អ្នក​គ្រប់​គ្រង​ ឬ​​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ បុគ្គលិក​ និង​អតិថិជន​ដែល​ចូល​មក​ទទួល​សេវាកម្ម​នៅទីតាំង​នេះផ្ទាល់​ ក្នុងនោះ​ការ​ទទួល​បាន​សុខភាព​ល្អ​ និង​ការ​ចំណេញ​ថវិកា​គឺ​ជាអ្វី​ដែល​ត្រូវ​ទទួល​បាន​ភ្លាម​ៗ​ពីការ​អនុវត្ត​នេះ​។ យោងអនុក្រឹត្យស្ដីពីការហាមការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈ អ្នកគ្រប់​គ្រង​ ឬម្ចាស់​មូលដ្ឋាន​អាជីវកម្ម​មាន​តួនាទី​ បិទសញ្ញាហាមជក់​បារី​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​​ មិនតាំង​ចានគោះ​បារី​ អញ្ជើញ​អ្នក​កំពុងជក់​បារី​អោយ​ចេញ​ក្រៅ​ជាដើម​។​