នាយកប្រតិបត្តិ​ Twitter លោក Jack Dorsey ត្រូវបានគេរិះគន់នៅជុំវិញពិភពលោក និងខ្លះបានទាមទារឱ្យលោកចុះចេញតំណែង ដោយសារលោកបានសរសេរបង្ហោះតាម Twiiter សរសើរប្រទេសមីយ៉ាន់ម៉ានិងប្រជាជនប្រទេសនេះ ថា មានភាពស្រស់ស្អាត និងពោរពេញទៅដល់សេចក្ដីសុខ។

លោកDorsey បានបង្ហោះរូបភាពដំណើរកម្សាន្តទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាច្រើនសន្លឹក កាលពីថ្ងៃច័ន្ទ ទី០៩ ខែធ្នូ ម្សិលមិញនេះ។

លោកសរសេរនៅក្នុង Twiiter ថា«​មីយ៉ាន់ម៉ាគឺជាប្រទេសដ៏ស្រស់ស្អាតមួយ។ប្រជាជនក្នុងប្រទេសនេះ ពោរពេញទៅដោយសេចក្ដីរីករាយ ហើយអាហារក៏មានភាពអស្ចារ្យណាស់ដែរ។ខ្ញុំបានទៅទស្សនាទីក្រុងជាច្រើន ហើយបានធ្វើសមាធិនៅតាមវត្តជាច្រើននៅជុំវិញប្រទេសនេះ»

ផ្ទុយពីការលើកឡើងរបស់លោកDorsey នេះ ចំពោះប្រទេសមីយ៉ានម៉ាកំពុងត្រូវបានអន្តរជាតិរិះគន់យ៉ាងខ្លាំង ចាប់តាំងពីខែ សីហា ឆ្នាំមុន បន្ទាប់ពីយោធាប្រទេសនេះ បានបើកការបង្ក្រាបទៅលើជនជាតិដើមភាគតិច Rohinya នៅក្នុងរដ្ឋRakhine។ ការបង្ក្រាបជាបន្តបន្ទាប់នោះ បានធ្វើឱ្យជនជាតិ Rohingya ជាង៧សែននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស។

អ្នកលេង Twitter ជាច្រើនហៅការបង្ហោះតាម Twitter របស់លោកDorsey  ថាគ្មានភាពទទួលខុសត្រូវ និងបានធ្វើគថ្លង់ ហើយខ្លះទៀតចង់ឱ្យលោកចុះចេញដំណែង ដែលមិនបានលើកឡើងអំពីស្ថានភាពជាក់ស្ដែងរបស់ជនជាតិRohingya។

ក្នុងនោះក៏មានអ្នកកាសែតល្បីៗ រិះគន់លោកDorsey ដែរ ដូចជា អ្នកកាសែត The New York Times Washington Post និងកាសែតAl-Jazeeraដែលអ្នកកាសែតទាំងនេះខ្លះ បានបញ្ជាក់ថាលោក Dorsey មិនបាននិយាយដល់អំពីការចោទប្រកាន់ចំពោះការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មសង្គ្រាម ដែលបានកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន៕

ប្រភព៖ Channel NewsAsia