ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៦ វិនិយោគលើផ្សារទំនើប មន្ទីរពេទ្យ និងរោងចក្រផលិតគ្រៀងប្រើប្រាស់ ដែលមានទុនសរុបជិត៧០០លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ កុម្ភៈ។

ក្រុមហ៊ុនទាំង៦ ដែលទទួលបានសិទ្ធិវិនិយោគនៅកម្ពុជានោះ រួមមាន ក្រុមហ៊ុន ROYAL CAMBODIAN HOSPITAL CO., LTD ដែលគ្រោងសាងសង់និងធ្វើអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ (មានចំនួន ១, ៥០០គ្រែ) ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេក និងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក ។

ដោយឡែកក្រុមហ៊ុន CHIP MONG RETAIL CO., LTD នឹងសាងសង់ផ្សារទំនើប ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១១៣,៩លានដុល្លារអាមេរិក ។ ចំណែកក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM CO., LTD មានទុនវិនិយោគប្រមាណ ៧១,៧លានដុល្លារអាមេរិក គ្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជាមួយគ្នានេះ ក្រុមហ៊ុន CAMINA INDUSTRIAL TECHNOLOGY CO., LTD គ្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុនមានទុនវិនិយោគប្រមាណ ២, ៨លានដុល្លារអាមេរិក ។ រីឯក្រុមហ៊ុន V & J K DEVELOPMENT CO., LTD ដែលនឹងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក ។

ចុងក្រោយក្រុមហ៊ុន HAN WEI (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក។

ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង៦នេះ អាចផ្ដល់ការងារដល់ប្រជាពលរដ្ឋប្រមាណជា៣,២៨៨កន្លែង៕