ជំនន់ទឹកភ្លៀង កំពុងកើនឡើងខ្លាំងនៅខេត្តព្រះសីហនុ និងខេត្តរតនគីរី ដោយសារតែឥទ្ធិពលភ្លៀង នឹងនៅតែបន្ដធ្លាក់ច្រើនជាងគេនៅក្នុងចំណោមខេត្តដទៃទៀត។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ៩ ខែសីហា ភ្លៀងធ្លាក់ដ៏ច្រើននេះ​ បង្កដោយឥទ្ធពលសម្ពាធទាប និងខ្យល់មូសុងនិរតី។ ក្រសួងបន្តថា ខណៈដែលខេត្តទាំងពីរនេះ កំពុងជន់លិច តែខេត្តមួយចំនួនទៀត ដូចជាខេត្ត បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន ជាដើម ខ្វះទឹក។

នៅខេត្តរតនគរី តាមរយៈនៃទន្លេស្រែពក ដែលផ្ទៃរងទឹកភ្លៀងប្រមាណ៦០ភាគរយ ស្ថិតក្នុងទឹកដីនៃប្រទេសវៀតណាម ធ្វើឲ្យទឹកទន្លេស្រែពកឡើងយ៉ាងគំហុក បណ្ដាលឲ្យមានការប៉ះពាល់ដល់ស្រុកចំនួន២ គឺស្រុកកូនមុំ និងស្រុកលំផាត់។ ចំណែកនៅខេត្តព្រះសីហនុ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទឹកជំនន់ទឹកភ្លៀង បានទឹកហូរច្រោះបាក់ផ្លូវអស់មួយចំហៀង ។