អ្នកជំនាញខាងសុខភាពបានអះអាងថា នៅក្នុងផ្សែងបារី គឺមានផ្ទុកសារធាតុគីមីពុល ចំនួន៧០០០ប្រភេទ ហើយនោះមានសារធាតុគីមីពុលចំនួន៤៣ប្រភេទ ធ្វើឱ្យកើតជំងឺ មហារីក និងសល់ពីនេះ គឺជាសារធាតុគីមីធ្វើឱ្យរលាកដល់កោសិកា

នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ បានពន្យល់ថា មូលហេតុដែលធ្វើឱ្យញៀនជក់បារី ដោយសារតែបារីមានផ្ទុកសារធាតុម្យ៉ាង ហៅថា «នីកូទីន» និងត្រូវគេចាត់ទុកថា គឺជាសារធាតិពុលបណ្ដាលឱ្យរំញោចប្រព័ន្ធប្រសាទ បង្កើនសំពាធឈាម បង្រួមសរសៃឈាមតូចៗដែលនៅក្រោមស្បែក ដែលលោកអះអាងថា ជាកត្តាធ្វើឱ្យស្បែកឆាប់ជ្រីវជ្រួញ។

លោកវេជ្ជបណ្ឌិតបន្តថា ចំពោះបញ្ហានាំឱ្យកើតជំងឺមហារីក គឺដោយសារតែបារីមានផ្ទុក សារធាតុស្អិតពណ៌ខ្មៅម្យ៉ាងដែលហៅថា«ជ័រថា» ហើយគេចំណាំជាតិពុលនេះបាន ដោយសារអ្នកជក់បារី តែងបានជាប់ពណ៌ខ្មៅនៅត្រង់ក្រចកដៃ ធ្មេញ ជាពិសេសជាលិកាសួតឡើងពណ៌លឿង។

ការអះអាងរបស់លោកវេជ្ជបណ្ឌិត មុំ គង់ នេះ ធ្វើឡើងក្នុងកម្មវិធីប្រកួត របស់ ក្រុមនិស្សិតមួយដែលនិយាយជាសាធារណៈស្ដីពីបរិស្ថានគ្មានផ្សែងបារី នៅឯមន្ទីរពេទ្យកុមារជាតិ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ការស្រាវជ្រាវមួយក៏បង្ហាញថា ពលរដ្ឋកម្ពុជា៧៦% បានស្រូបផ្សែងបារីពីអ្នកជក់នៅ តាមភោជនីយដ្ឋាននិងអាហារដ្ឋាន ៤៩%ក្នុងអាគារធ្វើការរបស់រដ្ឋ ៣៤%នៅក្នុង មធ្យោបាយធ្វើដំណើរសាធារណៈ និង២២%នៅក្នុងគ្រឹះស្ថានសុខាភិបាល។

បើតាមរបាយការណ៍ក្រសួងផែនការក៏បង្ហាញថា ជារៀងរាល់ឆ្នាំ មានពលរដ្ឋកម្ពុជាជិត១ម៉ឺននាក់ បានស្លាប់ដោយសារការជក់បារី៕