គម្រោងនេះនឹងលើកកម្ពស់អាហារូបត្ថម្ភក្នុងគ្រួសារដែលមានជីវភាពក្រីក្រ។ រូបភាព៖ អង្គការ Hellen Keller

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានជះឥទ្ធិពលអវិជ្ជាមានដល់សន្តិសុខស្បៀង អាហារូត្ថម្ភរបស់កម្ពុជា ជាពិសេសសម្រាប់អ្នកក្រីក្រនៅតាមជនបទ។ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហនេះ អង្គការ Hellen Keller កំពុងអនុវត្តគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារួបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ។

ក្នុងសិក្ខាសាលាណែនាំគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារួបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រនៅថ្ងៃទី៣០ធ្នូនេះ លោក ហ៊ួ ក្រើន នាយកអង្គការហេឡែនខេល័រ បានលើកឡើងថា គម្រោងនេះផ្តោតសំខាន់លើការផ្តល់បច្ចេកទេសពាក់ព័ន្ធនឹងការធ្វើកសិកម្មឆ្លាតវៃ និងការផ្លាស់ប្តូរឥរិយាបថអាហារូបត្ថម្ភ និងការផ្តល់ធនធានកសិកម្មមួយចំនួនដូចជា ពូជបន្លែ និងស្រូវ ជីធម្មជាតិ សួនបន្លែសំណាញ់ ម៉ាស៊ីនដាំស្រូវ ផ្ទាំងប៉ាណូផ្សព្វផ្សាយព័ត៌មានកសិកម្ម និងផ្ទាំង solar panel ជាដើម។

លោកថ្លែងដូច្នេះថា៖«យើងទាំងអស់គ្នាបានដឹងរួចហើយថា បញ្ហាសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីរួមជាមួយនឹងបញ្ហាជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសការកើនឡើងលើតម្លៃធនធានកសិកម្ម និងតម្លៃស្បៀងអាហារ ដែលបកំពុងញាំញីដោយផ្ទាល់ និងប្រយោលដល់អ្នកផលិត និងអ្នកបរិភោគជាពិសេសកសិករក្រីក្រ»។

លោកបន្តថា គម្រោងនេះមានផែនការជ្រើសរើសសហគមន៍កសិកម្មចំនួន១០០ និងអ្នកផលិតបន្លែ និងស្រូវចំនួន៤ពាន់គ្រួសារ ដែលនឹងផ្តល់ប្រយោជន៍ដល់អ្នកបរិភោគចំនួនប្រហែល៤ ទៅ៥លាននាក់ ហើយគម្រោងនេះមានរយៈពេល១ ឆ្នាំកន្លះចាប់ផ្តើមពីចុងឆ្នាំ២០២២នេះ។

លោក ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារួបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រនេះ ស្របតាមផែនការមេស្តីពីប្រព័ន្ធស្បៀងឆ្ពោះទៅឆ្នាំ២០៣០ និងចូលរួមបំពេញបន្ថែមលើកគម្រោងដែលក្រសួងកសិកម្មកំពុងអនុវត្តស្រាប់មានដូចជា កម្មវិធីខែ្សច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន និងគម្រោងធំៗផ្សេងទៀត។

លោកថ្លែងដូច្នេះថា៖«ខ្ញុំមានសង្ឈឹមយ៉ាងមុតមាំថា គម្រោងដែលមានការសហការ និងចូលរួមពីភាគីពាក់ព័ន្ធ និងធ្វើការងារក្នុងភាពជាដៃគូ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រោះវាបង្ហាញពីភាពជាម្ចាស់ការ ការទទួលខុសត្រូវ តម្លាភាពរបស់ភាគីពាក់ព័ន្ធ និងសម្រេចបានគោលដៅរួម លើគំនិតផ្តួចផ្តើមនានា»។

លោកបានផ្តាំផ្ញើដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ លើការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ក្នុងបរិបទអាកាសធាតុប្រែប្រួល ធ្វើយ៉ាងណាជំរុញកំណើនផលិតកម្មស្បៀង នៅក្នុងចំណោមសមាជិកសហគមន៍កសិកម្មដើម្បីឆ្លើយតបបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពគ្រួសារក្រីក្រនៅក្នុងសហគមន៍ និងជំរុញលើកទឹកចិត្តសហគមន៍កសិកម្ម ឱ្យបង្កើតផែនការផលិតកម្មច្បាស់លាស់ ក្នុងចំណោមសមាជិករបស់ខ្លួន ដើម្បីធានាបានស្បៀងសម្រាប់គ្រួសារ និងលក់បញ្ចុះតម្លៃដល់គ្រួសារក្រ១ និងក្រ២ នៅក្នុងសហគមន៍របស់ខ្លួន។

គួរបញ្ជាក់ថាគម្រោងនេះមានការគាំទ្រពី BMZ តាមរយៈ GIZ-MUSEFO និងសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល វិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ( IRRI) UNI4COOP និងអង្គការហេឡែន ខេលល័រអន្តរជាតិកម្ពុជា ដែលនឹងគាំទ្រអ្នកផលិតដល់សហគមន៍កសិកម្មក្នុងខេត្តចំនួន៣ ដូចជានៅខេត្តកំពង់ធំ តាកែវ និងកំពត ក្នុងការផ្តល់ធនធានសម្រាប់ផលិតកម្មកសិកម្ម និងជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថមភាពកសិករ ក្នុងការផលិតអាហារចម្រុះ មានសារធាតុចិញ្ចឹមល្អ និងប្រកបដោយសុវត្ថិភាព សម្រាប់បរិភោគ និងលក់ដូរសម្រាប់ចំណូលគ្រួសារ៕