
វត្តមានរោងចក្រផលិតសម្បកកង់រថយន្តរបស់ក្រុមហ៊ុនចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងទិញជ័រកៅស៊ូប្រមាណ ៣០០តោនក្នុង១ថ្ងៃ ដើម្បីកែច្នៃសម្បកកង់រថយន្តឱ្យបាន៦លានក្នុង១ឆ្នាំ។
រោងចក្រផលិតសម្បកកង់នេះវិនិយោគដោយ ក្រុមហ៊ុន ជាំងស៊ូ ចេន័រ៉ល សាយអិន ថិកណូឡូជី(Jiangsu General Science Technology) ជាក្រុមហ៊ុនផលិតសម្បកកង់រថយន្តរបស់ប្រទេសចិន។

ក្រុមហ៊ុននេះមានផែនការបោះទុនវិនិយោគរោងចក្រនេះចំនួន ១,៣ពាន់លានយន់ (២០៤, ៩៤ លានដុល្លារ) និងសមត្ថភាពផលិតកង់រថយន្តចំនួន ៦លានក្នុង ១ឆ្នាំ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងអំឡុងដំណើរទស្សនកិច្ចរោងកច្រផលិតសម្បកកង់នេះ កាលពីថ្ងៃពុធថា រោងចក្រនេះកំពុងសាងសង់លើផ្ទៃដី ២៨ហិកតាដែលក្នុងជំហានទី១ ត្រូវសាងសង់លើផ្ទៃដី១០ហិកតា។
លោកបន្តថា ក្នុងដំណាក់កាលដំបូង រោងចក្រនេះ អាចផលិតសម្បករថយន្តប្រភេទឡានតូច បានចំនួន ១៥ ០០០ក្នុងមួយថ្ងៃ។ ក្នុងកង់មួយអាចប្រើពេល ៣៨វិនាទី ដោយឡែកសម្បកកង់ឡានធំអាចផលិតបាន ២ ៥០០ក្នុងមួយថ្ងៃ ដោយក្នុងសម្បកមួយអាចប្រើពេល ៦០វិនាទី។
លោកបន្ថែមទៀតថា បច្ចុប្បន្ន ការសាងសង់រោងចក្រនេះសម្រេចបាន ៦០%ហើយ។ នៅពេលសាងសង់រួច រោងចក្រនេះនឹងប្រើប្រាស់កម្លាំងពលកម្មចំនួន ១ ៥០០នាក់ ដោយលោកជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារនៅក្នុងខេត្តព្រះសីហនុ។
លោកថ្លែងដូច្នេះថា៖រោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញបច្ចេកទេស ប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះ មិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះ យើងត្រៀមខ្លួនបំពេញសេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ»។
លោកអភិបាលខេត្ត អះអាងថា រោងចក្រនេះនឹងមានតម្រូវការកៅស៊ូ ៣០០តោនក្នុង១ថ្ងៃ ដើម្បីកែច្នៃសម្បកកង់នាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមករា ឆ្នាំ ២០២២ បានអនុម័តគម្រោងបង្កើតរោងចក្រផលិតសម្បកកង់យានយន្តគ្រប់ប្រភេទមានតម្លៃ២៩៧លានដុល្លារ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុន General Intellige-nce (Cambodia)។
កម្ពុជាមានផ្ទៃដីកៅស៊ូសរុបជាង៤០៤ ០៤៤ ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួនជាង៣១ម៉ឺនហិកតា និងផ្ទៃដីថែទាំចំនួនជាង៩ម៉ឺន៣ពាន់ហិកតា៕
- រោងចក្រផលិតសម្បកកង់រថយន្តមួយនៅក្រុងព្រះសីហនុនឹងទិញជ័រកៅស៊ូក្នុងស្រុក៣០០តោនក្នុងមួយថ្ងៃ - នៅថ្ងៃទី 30/12/2022
- កម្ពុជារៀបចំការប្រកួតធ្វើម្ហូបដើម្បីអបអរសាទរការរួមចំណែករបស់ចុងភៅនៅតាមសាលារៀន - នៅថ្ងៃទី 29/12/2022
- ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដូសដល់កម្ពុជា - នៅថ្ងៃទី 28/12/2022