
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវនិងលើកទឹកចិត្តដល់វិស័យអចលនទ្រព្យអភិវឌ្ឍន៍គម្រោងសាងសង់លំនៅឋានក្នុងតម្លៃសមរម្យ ដើម្បីសំដៅលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋក្នុងការទទួលបានលំនៅឋានសមរម្យ។
គិតមកដល់ពេលនេះ លំនៅឋានតម្លៃសមរម្យមានចំនួនជាង៨ពាន់ខ្នងផ្ទះប៉ុណ្ណោះ ដោយមានតម្លៃក្រោម៣ម៉ឺនដុល្លារ។

សម្តេចហ៊ុន សែន ថ្លែងដូចនេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
សម្តេចថ្លែងដូច្នេះថា៖«លើកទឹកចិត្តជាមួយនឹងការសាងសង់លំនៅឋានតម្លៃថោក ព្រោះមន្រ្តីរាជ្យការ ឬប្រជាពលរដ្ឋរបស់យើងដែលមានប្រាក់ចំណូលទាបមានតម្រូវការលំនៅឋានដោយតម្លៃថោក ហើយត្រូវរកគ្រប់វិធីដើម្បីនឹងធ្វើ ដើម្បីដោះស្រាយលំនៅឋាននៅក្នុងប្រទេសរបស់យើងទៅលើអ្នកមានប្រាក់ចំណូលមធ្យម ឬអ្នកតូចតាចពុំមានលទ្ធភាពទិញផ្ទះបានតម្លៃខ្ពស់។សំណូមពរនិងអំពាវនាវឱ្យអ្នកសាងសង់ផ្នែកអចលនទ្រព្យ កសាងនូវលំនៅឋានដែលមានតម្លៃថោកដើម្បីលក់ជូនប្រជាពលរដ្ឋរបស់យើង»។
ក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលបានអនុម័តគោលនយោបាយ លំនៅឋានថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍលំនៅឋានឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។តាមរយៈគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ ៥ម៉ឺនខ្នងក្នុង ១ឆ្នាំ រហូតដល់ឆ្នាំ២០៣០។
បច្ចុប្បន្ន ក្រុមហ៊ុន Worldbridge Homes ជាក្រុមហ៊ុនមួយកំពុងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ«ទីក្រុងរណបសិរីមង្គល»ដែលមានទុនវិនិយោគប្រមាណ ១០០លានដុល្លារ។
«ទីក្រុងរណបសិរីមង្គល» គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនាដើមឆ្នាំ ២០១៨ លើផ្ទៃដី ៤៥ ហិកតា ដោយមាន សរុប ២ ៤៥៧ខ្នងផ្ទះ។ គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
យោងតាមក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ដំណាប់ខែកញ្ញា ឆ្នាំ២០២២ នៅកម្ពុជាមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ៤គម្រោង ដែលមាន៨ ៣៣១ខ្នងផ្ទះ៕
- រោងចក្រផលិតសម្បកកង់រថយន្តមួយនៅក្រុងព្រះសីហនុនឹងទិញជ័រកៅស៊ូក្នុងស្រុក៣០០តោនក្នុងមួយថ្ងៃ - នៅថ្ងៃទី 30/12/2022
- កម្ពុជារៀបចំការប្រកួតធ្វើម្ហូបដើម្បីអបអរសាទរការរួមចំណែករបស់ចុងភៅនៅតាមសាលារៀន - នៅថ្ងៃទី 29/12/2022
- ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដូសដល់កម្ពុជា - នៅថ្ងៃទី 28/12/2022