
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រ្តីគ្រប់រូបគឺចាំបាច់ត្រូវតាមដានសុខភាពឱ្យបានទៀងទាត់ ដើម្បីទទួលការណែនាំល្អៗពីគ្រូពេទ្យ អំពីការថែទាំខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ ពិសេសស្រ្តីទើបនឹងមានផ្ទៃពោះជាលើកដំបូងគួរយល់ដឹងអំពីការថែទាំសុខភាពម្តាយ និងទារក។
សារព័ត៌មានខ្មែរណាស់ សូមលើកយកអត្ថប្រយោជន៍នៃការតាមដានសុខភាពអំឡុងពេលមានផ្ទៃពោះ ដែលនេះជាចំណេះដឹងទូទៅងាយៗសម្រាប់ស្រ្តីមានផ្ទៃពោះ ពិសេសស្រី្តទើបមានផ្ទៃពោះជាលើកដំបូង តាមរយៈកិច្ចសម្ភាសន៍ជាសំនួរចម្លើយជាមួយអ្នកស្រី ខេង សៀងហោ ពេទ្យធ្មបនៅមន្ទីរពហុព្យាបាល និងសម្ភពសាកល។

ខ្មែរណាស់៖តើហេតុអ្វីត្រូវតាមដានសុខភាពអំឡុងពេលមានផ្ទៃពោះ?
អ្នកស្រី ខេង សៀងហោ៖ ការតាមដានអំឡុងពេលមានផ្ទៃពោះ គឺជាការណាត់ជួបរវាងស្រ្តីមានផ្ទៃពោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យមើលសុខភាពរបស់ម្តាយ និងសុខភាពរបស់ទារក។
ជាទូទៅ ម៉ាក់ៗ នៅពេលបាត់រដូវភ្លាម ម៉ាក់ៗគួរតែមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមាននៅជិតផ្ទះបំផុត។ ការពិនិត្យផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីលោកគ្រូអ្នកគ្រូពេទ្យខាងផ្នែកសម្ភព។
អត្ថប្រយោជន៍ជាច្រើនដែលយើងទទួលបានជាច្រើននោះ ចំណុចទី១ ទាក់ទងនឹងសុខភាពរបស់ម្តាយ គឺលោកគ្រូអ្នកគ្រូ នឹងធ្វើការពិនិត្យសម្ពាធឈាម វាស់កម្ពស់ ថ្លឹងគីឡូ ធ្វើការពិនិត្យចង្វាក់បេះដូងកូន ធ្វើការពិនិត្យសុខភាពមិនប្រក្រតីជាមួយនឹងទម្រង់របស់កូន ដើម្បីមើលទម្រង់ក្បាល ឬទម្រងគូទរបស់កូន ហើយគ្រូពេទ្យនឹងបូមឈាមរបស់ម៉ាក់ដើម្បីធ្វើការពិនិត្យរកមើលថាម៉ាក់មានបញ្ហាទាក់ទងជាមួយកង្វះគ្រាប់ឈាមក្រហមឬអត់។
ប្រសិនបើ ម៉ាក់ មានបញ្ហាជាមួយនឹងការកង្វះគ្រាប់ឈាមក្រហម គ្រូពេទ្យនឹងឱ្យថ្នាំទៅញ៉ាំបន្ថែម ដើម្បីបង្រ្គប់គ្រាប់ឈាមក្រហម ព្រោះជាទូទៅ ម៉ាក់ៗ ចាប់ផ្តើមមានទម្ងន់តែងតែមានអការៈចាញ់ ក្អូតចង្អោរ បញ្ហាទាំងអស់នោះហើយ ដែលតែងតែធ្វើឱ្យម៉ាក់មានបញ្ហាស្លេកស្លាំង និងបញ្ហាទាក់ទងនឹងកង្វះគ្រាប់ឈាមក្រហម។
គ្រូពេទ្យនឹងធ្វើការពិនិត្យទឹកនោម ដើម្បីពិនិត្យរកបញ្ហាជំងឺទឹកនោមផ្អែម បញ្ហាទឹកនោមប្រៃ និងធ្វើការពិនិត្យរកមើលបញ្ហាជំងឺឆ្លង។
ទាក់ទងនឹងសុខភាពរបស់ទារក គឺគ្រូពេទ្យនឹងពិនិត្យដោយឆ្លុះអេកូ ដើម្បីពិនិត្យរកមើលការលូតលាស់របស់ទារកថាគ្រប់លក្ខណៈឬអត់ ពិនិត្យមើលបញ្ហាទង់សុក ពិនិត្យបញ្ហាទឹកភ្លោះ ធ្វើការពិនិត្យមើលចង្វាក់បេះដូងកូនថាតើចង្វាក់បេះដូងកូនដើរញាប់ឬខ្សោយ?
ទាក់ទងនឹងការទទួលបានបន្ថែមថ្នាំគ្រាប់ជាតិដែកយ៉ាងហោចណាស់៩០គ្រាប់ និងទទួលបានថ្នាំតេតានុសពីរដងក្នុងអំឡុងពេលមានផ្ទៃពោះ។
ខ្មែរណាស់៖ តើស្ត្រីគួរទទួលបានការអប់រំអ្វីខ្លះ អំឡុងពេលមានផ្ទៃពោះ?
អ្នកស្រី ខេង សៀងហោ៖ ការអប់រំសុខភាពម្តាយក្នុងអំឡុងពេលមានផ្ទៃពោះ គឺទាក់ទងនឹងរបរអាហារ។ ម៉ាក់ៗគួរតែញុំាអាហារដែលសម្បូរទៅដោយជីវជាតិដែលមានសារធាតុបំប៉ន់ដល់ម្តាយនិងទារកក្នុងផ្ទៃ។ ទាំងអស់នេះ គឺវាមាននៅក្នុងជាតិដែក អាស៊ីតហ្វូលីត កាល់ស្យូម ស័ង្គសី វីតាមីនស៊ី សារធាតុទាំងអស់នេះវាមាននៅក្នុងបន្លែផ្លៃឈើពណ៌បៃតង សុតមាន់ទា សាច់ ទឹកដោះគោ និងគ្រាប់ធុញ្ញជាតិជាដើម។
ទាកទង់ជាមួយអាហារគួរចៀសវាង ដូចជា ស្រា បារី គ្រឿងញៀន ថ្នាំបុរាណខ្មែរ ដែលអាហារទាំងអស់នេះមានផលប៉ះពាល់ដល់ម្តាយ និងទារកក្នុងផ្ទៃ។ ម៉ាក់គួរតែញុំាទឹកយ៉ាងណាស់ក្នុង១ថ្ងៃឱ្យបាន ២ ទៅ ៣លីត្រ ដើម្បីទ្រទ្រង់ដល់សារពាង្គកាយរបស់ម្តាយ។
ខ្មែរណាស់៖ តើស្រ្តីមានផ្ទៃពោះត្រូវដឹងចំណុចគ្រោះថ្នាក់អ្វីខ្លះ?
អ្នកស្រី ខេង សៀងហោ៖ ចំណុចមួយទៀត ម៉ាក់ៗគួរយល់ដឹងក្នុងសញ្ញាគ្រោះថា្នក់ក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះជាទូទៅ ក្នុងអំឡុងពេលមានផ្ទៃពោះ តែងតែមានសញ្ញាគ្រោះថា្នក់ជាច្រើនដែលម៉ាក់គួរតែយល់ដឹង។ សញ្ញាទាំងអស់នោះ មានដូចជា គ្រុនក្តៅ មានហើមដៃជើង ស្រវំាងភ្នែក ឈឺក្បាលវិលមុខ មានការជ្រាបទឹកភ្លោះ មានធ្លាក់ឈាមតិចៗតាមទ្វាមាស មានការបម្រាស់ខ្សោយ។ ប្រសិនបើម៉ាក់ៗមានរោគសញ្ញាណាមួយ ក្នុងចំណោមរោគសញ្ញាទាំងអស់នោះ ម៉ាក់ៗគួរតែប្រញាប់មកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត។
មន្ទីរពហុព្យាបាល និងសម្ពព សាកល មានសេវាកម្មជាច្រើនទាក់ទងនឹងផ្នែកជំងឺទូទៅ ផ្នែកកុមារ និងមនុស្សចាស់ រោគស្រ្តី។ ផ្នែកសម្ពព មានសេវាកម្មសម្រាលដោយធម្មជាតិ សម្រាលដោយវះកាត់ និងផ្នែកវះកាត់ទូទៅ។
ទីតាំងមន្ទីរពហុព្យាបាលយើងខ្ញុំ ស្ថិតនៅភូមិក្រពើហារ សង្កាត់ព្រាំឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល៕
- រោងចក្រផលិតសម្បកកង់រថយន្តមួយនៅក្រុងព្រះសីហនុនឹងទិញជ័រកៅស៊ូក្នុងស្រុក៣០០តោនក្នុងមួយថ្ងៃ - នៅថ្ងៃទី 30/12/2022
- កម្ពុជារៀបចំការប្រកួតធ្វើម្ហូបដើម្បីអបអរសាទរការរួមចំណែករបស់ចុងភៅនៅតាមសាលារៀន - នៅថ្ងៃទី 29/12/2022
- ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដូសដល់កម្ពុជា - នៅថ្ងៃទី 28/12/2022