រដ្ឋាភិបាលជប៉ុនបានបន្ធូរបន្ថយវិធានការតឹងរឹងរបស់ខ្លួនលើអ្នកដំណើរទេសចរកាលពីប៉ុន្មានខែមុនថ្មីៗនេះ ដូច្នេះគោលការណ៍ថ្មីនេះ គឺមានន័យថា អ្នកដំណើរមកពីប្រទេសចិន នឹងក្លាយជាអ្នកទេសចរតែមួយគត់ដែលតម្រូវឱ្យធ្វើតេស្ដរកកូវីដ១៩ បន្ទាប់ពីធ្វើដំណើរមកដល់ទឹកដីជប៉ុន ថ្វីត្បិតមិនបង្ហាញរោគសញ្ញាក្ដី។
នាយករដ្ឋមន្រ្តីជប៉ុនបានលើកឡើងថា មានព័ត៌មានដែលថា ការឆ្លងកូវីដ គឺកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ហើយវាពិបាកក្នុងការបញ្ជាក់ពីស្ថានភាពឱ្យបានច្បាស់លាស់ ដោយសារមានភាពខុសគ្នាយ៉ាងខ្លាំងរវាងអាជ្ញាធរថ្នាក់កណ្តាល និងមូលដ្ឋាន និងរវាងរដ្ឋាភិបាល និងវិស័យឯកជននៅចិន ហើយនេះជាការបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅប្រទេសជប៉ុន។
ការសម្រេចរបស់ជប៉ុននេះបានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសថា អ្នកធ្វើដំណើរចូលចិន នឹងមិនតម្រូវឱ្យដាក់នៅដាច់ពីគេចាប់ពីថ្ងៃទី៨មករា ខណៈប្រទេសចិនបានលុបចោលការរឹតត្បិតយ៉ាងតឹងរឹងលើការគ្រប់គ្រងកូវីដជាបន្តបន្ទាប់ ក្រោយពីមានការតវ៉ាទូទាំងប្រទេស ហើយកំពុងធ្វើឱ្យមានការកើនឡើងនៃការឆ្លងដែលមិនធ្លាប់មានពីមុនមក។
លោក Fumio Kishida បានបញ្ជាក់ថា អ្នកធ្វើដំណើរមកពីប្រទេសចិនដីគោក ឬបានទៅចិនក្នុងរយៈពេល៧ថ្ងៃ នឹងត្រូវធ្វើតេស្តនៅពេលមកដល់ប្រទេសជប៉ុនចាប់ពីថ្ងៃសុក្រ ហើយអ្នកដែលធ្វើតេស្តវិជ្ជមាន នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល៧ថ្ងៃនៅកន្លែងដែលបានកំណត់។
លោកក៏បានបញ្ជាក់ថា ជប៉ុនក៏នឹងកាត់បន្ថយជើងហោះហើមកពីប្រទេសចិនដីគោកដែរ។ ប្រទេសជប៉ុនបានបើកដំណើរការឡើងវិញទាំងស្រុងសម្រាប់ទទួលភ្ញៀវទេសចរនៅក្នុងខែតុលា បន្ទាប់ពីការរឹតបន្តឹងអស់រយៈពេល២ឆ្នាំកន្លះ ដែលធ្វើឱ្យបាត់បង់ស្ទើរទាំងអស់នៃអ្នកដំណើរបរទេស៕
Latest posts by រាជ វិញ្ញូ (see all)
- មូលហេតុខ្លះនាំឱ្យស្រ្ដីកើតជំងឺមហារីកសុដន់ - នៅថ្ងៃទី 15/01/2023
- កម្ពុជានឹងកាត់បន្ថយភាពអត់ឃ្លានឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០! - នៅថ្ងៃទី 15/01/2023
- ផ្សែងបារីផ្ទុកសារជាតិគីមីពុលចំនួន៧០០០ប្រភេទ - នៅថ្ងៃទី 15/01/2023