
ក្រុមហ៊ុន CNC បានបើកដំណើរការសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផ្ទាល់ Yangon Cambodia Express (YCX) ដែលតភ្ជាប់រវាងប្រទេសមីយ៉ាន់ម៉ា កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី។
អ្នកក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក បានស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនទំនិញតាមផ្លូវទឹកតភ្ជាប់កម្ពុជាទៅក្នុងតំបន់ដែលនឹងផ្តល់ជម្រើសនិងភាពប្រកួតប្រជែងក្នុងតម្លៃដឹកជញ្ជូន។

ក្រុមហ៊ុន CNC គឺជាអ្នកឯកទេសដឹកជញ្ជូនតាមសមុទ្ររយៈចំងាយខ្លីក្នុងទ្វីបអាស៊ីនៃក្រុមហ៊ុនCMA CGM Group ដែលជាអ្នកផ្តល់ដំណោះស្រាយតាមផ្លូវសមុទ្រ គោក អាកាស និងឡូជីស្ទីក ដ៏ចម្បងនៅលើសកលលោក។
សេវាកម្ម YCXនេះ នឹងតភ្ជាប់ប្រទេសមីយ៉ាន់ម៉ាជាមួយនឹងមជ្ឈមណ្ឌលដឹកជញ្ជូននៃប្រទេសសិង្ហបុរី និងកំពង់ផែ Klang ក្នុងប្រទេសម៉ាឡេស៊ី ដែលជាផ្លូវដឹកជញ្ជូនចម្បងសម្រាប់ការនាំចេញ និងការនាំចូលរបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ននេះ។
លើសពីនេះ បណ្តាញសេវាកម្ពុជារបស់ខ្លួននៅខេត្តព្រះសីហនុ សេវាកម្ម YCX ត្រូវបានជំរុញឱ្យការដឹកជញ្ជូនទំនិញ និងផលិតផលកាន់តែច្រើនពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានបង្ហាញពីកំណើនពាណិជ្ជកម្ម។
លោក ស៊ិន ចន្ទី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា(CLA)បានស្វាគមន៍ចំពោះក្រុមហ៊ុននេះបានបើកដំណើរការសេវាដឹកជញ្ជូនទំនិញតាមផ្លូវពីមីយ៉ានម៉ាមកកម្ពុជាដែលនឹងផ្តល់ជម្រើសថ្មីសម្រាប់អ្នកនៅក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា។
លោកប្រាប់ខ្មែរណាស់នៅថ្ងៃចន្ទថា នេះជាការល្អក្នុងការតភ្ជាប់ដោយផ្ទាល់តាមផ្លូវសមុទ្ររវាងប្រទេសមីយ៉ាន់ម៉ា កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលនេះជារបទថ្មីមួយធ្វើឱ្យកម្ពុជាមានផ្លូវច្រើនសម្រាប់តភ្ជាប់សេវាដឹកទំនិញតាមផ្លូវសមុទ្រ។
លោកថ្លែងដូច្នេះថា៖«ប្រសិនបើមានការតភ្ជាប់អ៊ីចឹងវាជាការងាយស្រួលមួយ ហើយកាន់តែបើកផ្លូវឱ្យយើងអាចរកជម្រើសបានច្រើនសម្រាប់ជាតម្លៃដឹកជញ្ជូនមានភាពប្រកួតប្រជែង។ក្នុងនាមខ្ញុំប្រធានសមាគម ក៏ដូជជាប្រកបរបរក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីកគឺគាំទ្រណាស់ទៅការបង្កើតសេវាកម្មដឹកជញ្ជូនថ្មីនេះ»។
សេវាកម្ម YCX នឹងចាប់ផ្តើមដំណើរការដំបូងរបស់ខ្លួននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕ Source; AJOT
- រោងចក្រផលិតសម្បកកង់រថយន្តមួយនៅក្រុងព្រះសីហនុនឹងទិញជ័រកៅស៊ូក្នុងស្រុក៣០០តោនក្នុងមួយថ្ងៃ - នៅថ្ងៃទី 30/12/2022
- កម្ពុជារៀបចំការប្រកួតធ្វើម្ហូបដើម្បីអបអរសាទរការរួមចំណែករបស់ចុងភៅនៅតាមសាលារៀន - នៅថ្ងៃទី 29/12/2022
- ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដូសដល់កម្ពុជា - នៅថ្ងៃទី 28/12/2022