
រដ្ឋាភិបាលចិនបានចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លួវថ្នល់និងស្ពាននៅកម្ពុជាមានប្រវែងសរុបជាង ៣ ០០០គីឡូម៉ែត្រ ដោយប្រើប្រាស់ថិវកាអស់ជិត២ពាន់លានដុល្លារដែលជាឥណទានសម្បទានពីចិន។ នេះបើតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងកម្មវិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវលេខ៤១ នៅថ្ងៃចន្ទនេះ។
សម្តេច ហ៊ុន សែន បានថ្លែងថា មិត្តចិត្តបានជួយកម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាក់ទងនឹងផ្លូវថ្នល់ ស្ពាន ដោយ មិត្តចិនបានចូលរួមចំណែកជួយធ្វើផ្លូវនៅកម្ពុជាមានចំនួន ៣០ខ្សែរួចហើយ មានប្រវែងជាង ៣ពាន់គីឡូម៉ែត្រដែលបានចំណាយថវិកាអស់ជិត ២ពាន់លានដុល្លារ។ រីឯ ស្ពានធំៗមានចំនួន៩ ទាំងស្ពានដែលបានកសាងរួច និងស្ពានកំពុងកសាង។

សម្តេចថ្លែងដូចនេះថា៖«ជោគវាសនារួមក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយ មិត្តចិន ក្រៅពីផ្តល់ជំនួយឥតសំណង ក៏បានផ្តល់នូវឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណសាធារណរដ្ឋប្រជាមានិតចិនដែលបានជួយយើងក្នុងការអភិវឌ្ឍន៍ក្នុងរយៈពេលកន្លងទៅគ្រាន់តែឆ្នាំ២០២២ យើងមានកិច្ចជាច្រើនបានធ្វើជាមួយគ្នា»។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងទៀតថា សព្វថ្ងៃ ក្រុមហ៊ុនចិនក៏កំពុងសាងសង់ផ្លូវ៣ខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណជាង ៥០០លានដុល្លារ ខណៈសម្តេចហ៊ុន សែន នឹងទៅសម្ពោធបើកការដ្ឋានសាងសង់ផ្លូវឆ្លងទន្លេមេង្គ(ស្ពាន)នៅឯខេត្តក្រចះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
ជាក់ស្តែង គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវលេខ៤១ ត្រូវបានសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ដោយគ្រោងចំណាយថវិកាសរុបជាង ៦៧លានដុល្លារដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវលេខ៤១ ប្រវែងសរុបជាង ៩៥គីឡូម៉ែត្រ ពីចំណុចប្រសព្វ ថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ ស្រុកជុំគិរី ខេត្តកំពត ដោយគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦។
លោក សិរីវឌ្ឍ ធ្លាប់ប្រាប់ខ្មែរណាស់កាលពីសប្តាហ៍មុនថា កម្ចីថ្មីៗនេះ រាជរដ្ឋាភិបាលនឹងប្រើប្រាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ជាពិសេសពាក់ព័ន្ធការសាងសង់ស្ពាន និងផ្លូវថ្នល់ ជាដើម។
លោកថ្លែងដូច្នេះថា៖«កម្ចីដែលមានហានិភ័យគឺជាកម្ចីដែលកើតចេញពីប្រើប្រាស់ប្រាក់កម្ចីដែលអត់មានប្រសិទ្ធិភាព។ អ៊ីចឹង! បើយើងក្រឡេកមកមើលការប្រើប្រាស់កម្ចីរបស់កម្ពុជា យើងនៅតែមានប្រសិទ្ធិភាព។ យើងមិនអាចនិយាយបានថាកម្ចីពីចិនហានិភ័យឬកម្ចីពីប្រទេសអឺរ៉ុបហានិភ័យទេ ឱ្យតែយើងប្រើប្រាស់ប្រាក់បំណុលមិនបានត្រឹមត្រូវ គឺកម្ចីទាំងអស់នឹងមានហានិភ័យដូចតែគ្នាទាំងអស់»។
ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ៩,៤៧ពាន់លានដុល្លារ ក្នុងនោះ ៩,៤៦ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង១០,១៥លានដុល្លារជាបំណុលសាធារណៈក្នុងប្រទេស។ក្នុងនោះ កម្ពុជាបានកម្ចីពីចិនមានចំនួន ៤១%នៃសន្និធិបំណុលក្រៅប្រទេសសរុប។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
- រោងចក្រផលិតសម្បកកង់រថយន្តមួយនៅក្រុងព្រះសីហនុនឹងទិញជ័រកៅស៊ូក្នុងស្រុក៣០០តោនក្នុងមួយថ្ងៃ - នៅថ្ងៃទី 30/12/2022
- កម្ពុជារៀបចំការប្រកួតធ្វើម្ហូបដើម្បីអបអរសាទរការរួមចំណែករបស់ចុងភៅនៅតាមសាលារៀន - នៅថ្ងៃទី 29/12/2022
- ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដូសដល់កម្ពុជា - នៅថ្ងៃទី 28/12/2022