រូបភាព៖ Internet

ផ្លែប័រ ជាដំណាំឈើហូបផ្លែ មានកំណើតចេញពីអាមេរិកកណ្តាល ហើយវាជាដំណាំពាណិជ្ជកម្ម និងត្រូវបានដាំដុះនៅតំបន់ដែលមានអាកាសធាតុក្តៅនៅទូទាំពិភពលោក និងតំបន់ក្តៅមធ្យម។

ដើមប័រអាចដាំដោយបណ្តុះគ្រាប់ និងអាចបង្កាត់ពូជ គឺធ្វើតាមវិធីផ្សាំមែក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគុណភាព និងបរិមាណផល។ ផ្លែប័រខ្ចី មិនអាចទទួលទានបានទេ ព្រោះវាមានសារធាតុ Tannin ធ្វើឱ្យមានរសជាតិល្វីង ទទួលទានច្រើននឹងធ្វើឱ្យឈឺក្បាល ដូច្នេះគឺអាចទទួលទានបានតែផ្លែទុំប៉ុណ្ណោះ។

អត្ថប្រយោជន៍ចំពោះសុខភាព

• វាអាចជួយបង្ការជំងឺបេះដូង អាចកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម អ្នកជំងឺមានជំងឺបេះដូងគួរទទួលទានផ្លែប័រ អាចជួយបញ្ចុះទម្ងន់ ព្រោះកាបូអ៊ីដ្រាតមានកម្រិតទាប ប័រមានជាតិស្ករតិច ដួច្នេះអ្នកជំងឺទឹកនោមផ្អែមអាចទទួលទានផ្លែប័របានដែរ។
• មានវីតាមីនA ដែលជាសារធាតុជួយការពារកោសិកាក្នុងរាងកាយពីសារធាតុពុល ក្នុងខ្យល់ ទឹក និងចំណីអាហារ ហើយវាក៏ជួយជំនួយភ្នែកផងដែរ។
• មានវីតាមីនB ជួយបង្ការជំងឺស្ពឹកស្រពន់ និងជំងឺបំបៅមាត់
• មានវីតាមីន C ជួយបង្ការជំងឺផ្តាសាយ និងឈាមតាមអញ្ចាញធ្មេញ
• ប័រសម្បូរទៅដោយសាធាតុរ៉ែ និងអាហារូបត្ថម្ភ ដែលចាំបាច់សម្រាប់ការលូតលាស់ ធំធាត់ និងបង្កើតជាលិការបស់ទារក ហើយជាពិសេស មានអត្ថប្រយោជន៍ចំពោះសម្រស់ និងសុខភាពស្បែក និងសក់។

ដំណាំប័រនៅកម្ពុជានាពេលបច្ចុប្បន្ន កំពុងពេញនិយម ដោយមានអតិថិជន នៅក្នុងស្រុកជាច្រើនបានគាំទ្រលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលកម្ពុជា ដូចនេះកសិករដាំប័រ គួរតែអនុវត្តតាមលក្ខខណ្ឌ នៃការដាំដំណាំតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ទើបអាចទទួលបានទិន្នផលល្អប្រសើរ។

ប្រសិនជាកសិករដាំជាលក្ខណៈទ្រង់ទ្រាយធំ ឬច្រើនគ្រួសារត្រូវការចងក្រងជាសហគមន៍កសិករដាំប័រ ដែលមានលទ្ធភាពទទួលបាននូវជំនួយបច្ចេកទេសដាំដុះ ទុនឥណទានវិនិយោគ និងទីផ្សារលក់ផលិតផល។ទោះបីជាដំណាំនេះទទួលបានចំណូលខ្ពស់ក្តី ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេកទេសត្រឹមត្រូបជាមួយនឹងការថែទាំ យ៉ាងដិតដល់ទើបទទួលបានជោគជ័យ៕

ប្រភព៖ ឯកសារគម្រោងដំណាំប័រ រៀបចំដោយគណៈកម្មការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល នៃធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅឆ្នាំ២០២២