សមត្ថកិច្ចបញ្ជាក់ថា សំណុំរឿងយុវជនបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យម្តាយ និងទារករងរបួសធ្ងន់ នឹងត្រូវបញ្ជូនទៅចាត់វិធានការតាមផ្លូវច្បាប់នៅតុលាការ។ រូបភាព៖ ស្នងការនរគបាលរាជធានីភ្នំពេញ

សមត្ថកិច្ចបញ្ជាក់ថា សំណុំរឿងយុវជនបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យម្តាយ និងទារករងរបួសធ្ងន់ នឹងត្រូវបញ្ជូនទៅចាត់វិធានការតាមផ្លូវច្បាប់នៅតុលាការ ថ្វីត្បិតភាគីទាំងពីរបានឯកភាពគ្នាលើការផ្ដល់សំណងក្ដី។

ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញបង្ហោះតាមហ្វេសប៊ុក នៅរសៀលថ្ងៃទី៦នេះ ភាគីទាំង២ បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ធ្នូរួចហើយ។

ស្នងការដ្ឋានសរសេរដូច្នេះថា៖«ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់» ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទ ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ខាងកើត លើស្ពានជ្រោយចង្វារចាស់។ មន្ត្រីជំនាញសន្និដ្ឋានថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ គឺដោយសារអ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល និងត្រូវបានធ្វើការផាកពិន័យចំនួន ២លានរៀល តាមមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ៣៩។

បើតាមសមត្ថកិច្ច យុវជនបង្កដែលបានបើករថយន្តទំនើបម៉ាកLEXUS NX200t គឺមានឈ្មោះ សោម ណូរីទីឃា អាយុ១៩ឆ្នាំ រស់នៅភូមិ៣ សង្កាត់ជ្រោយចង្វារ គឺបានបើករថយន្តទៅបុកម៉ូតូជនរងគ្រោះម៉ាកHONDA SCOOPY ដែលបើកបរដោយបុរសឈ្មោះ ហុង រត្នថា មានមុខរបររើសអេតចាយ បណ្ដាលឱ្យរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ បុរសរើសអេតចាយនេះ គឺធ្វើដំណើរដោយបានដឹកស្រ្ដីឈ្មោះ មុច ស្រីល័ក្ខ អាយុ៣១ឆ្នាំ មុខរបររើសអេតចាយដូចគ្នា និងទារកឈ្មោះ មុច សុខឡេង អាយុ៦០ថ្ងៃ កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា៕