ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមជាង ៣,០០០ សហគ្រាស ដែលមានទំហំទឹកប្រាក់សរុប៤២៣លានដុល្លារ ដើម្បីពង្រីកអាជីវកម្មក្នុងអំឡុងមានវិបត្តិកូវីដ១៩។

ធ.ស.ក មានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារ ពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក លឹម អូន អគ្គនាយកធនាគារ សហគ្រាសធុន​តូច និងមធ្យម​កម្ពុជា​។​រូបភាព៖​ទេព ភិវឌ្ឍន៍​

លោក លឹម អូន អគ្គនាយកធនាគារ ធ.ស.ក ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលនៃការអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃចន្ទថា ធ.ស.ក បានចូលរួមផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យមសរុប ៣ ១៦៥ សហគ្រាសរួចហើយ ដែលមានទឹកប្រាក់ប្រមាណ៤២៣លានដុល្លារអាមេរិក គិតត្រឹមបំណាច់ខែតុលា ឆ្នាំ ២០២២។

ក្នុងនោះ ការផ្តល់ឥណទានដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈសហហិរញ្ញប្បទានកំពុងអនុវត្តមាន៣គម្រោងដែលមានទឹកប្រាក់ ៣៦៩លានដុល្លារដែលផ្តល់ ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរូមចំនួន៤៣។

ដោយឡែក ការផ្តល់ឥណទានដោយផ្ទាល់ជូនសហគ្រាសធុនតូចនិងមធ្យមក្នុងទំហំទឹកប្រាក់ ៤៤លានដុល្លារ និងការផ្តល់ឥណទានលក់ដុំ( Wholesale Lending)បានបញ្ចេញឥណទានផ្ទាល់ដល់សហគ្រាសធុនតូចនិងមធ្យមដែលមានទឹកប្រាក់១០លានដុល្លារ តាមរយៈជាដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ(MDIs)ចំនួន ៤ គ្រឹះស្ថាន។

លោកថ្លែងដូច្នេះថា៖«ប្រាកដណាស់ថា លទ្ធផលខាងលើពិតជាមិនអាចសម្រេចបានឡើយ បើសិនជាមិនមានការចូលរួមគាំទ្រពីគ្រឹះស្ថានហិរញ្ញប្បវត្ថុ( PFIs) និងដៃគូសហការទាំងអស់ដែលកំពុងមានវត្តមាននៅទីនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងនៅតែចូលរួមគាំទ្រនូវគំនិតផ្តួតផ្តើមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យមបន្តទៀត»។

លោក សុខ វឿន ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។រូបភាព៖​ទេព ភិវឌ្ឍន៍​

លោក សុខ វឿន ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាដែលចូលរួមកម្មវិធីនេះថ្លែងថា សហគ្រាសធុនតូចនិងមធ្យម និងបរិយាបន្នហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្កើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។

លោកថ្លែងដូច្នេះថា៖«ក្នុងនាម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាជិក ខ្ញុំបាទមានមោទនភាព និងកិត្តិយសក្រៃលែងដែលអាចបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ក្នុងគោលបំណងផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីស្តារចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួន»។

សហគ្រាសធុនតូច និងមធ្យមត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាំងនៅលើទិដ្ឋភាពនៃការគាំទ្រសេដ្ឋកិច្ច ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយចីរភាពដែលធន់នឹងវិបត្តិ។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​រូបភាព៖​ទេព ភិវឌ្ឍន៍

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងក្នុងកម្មវិធីនេះថា ជាក់ស្តែង សហគ្រាសធុនតូច និងមធ្យមមានចំណែកប្រមាណ៩៨%នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមចំណែកប្រមាណ៥៨% ក្នុងផលិតផលក្នុងស្រុកសរុប ហើយបានផ្តល់ឱកាសការងារប្រមាណ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា។

លោកថ្លែងដូច្នេះថា៖«សហគ្រាសធុនតូចនិងមធ្យម ផ្តោតភាគច្រើនទៅលើការផ្តល់កម្ចីដោយផ្ទាល់ទៅលើវិស័យកម្មន្តសាស ជាពិសេសវិស័យកែច្នែផលិតផលកសិកម្ម នេះគឺជាទិសដៅសម្រាប់យើងនៅថ្ងៃអនាគត។ ប្រសិនបើមានតម្រូវការអន្តរាគមន៍បន្ថែមពីរាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងធុរកិច្ចរបស់សហគា្រសធុនតូចនិងមធ្យម នោះធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដាក់ឱ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានបន្តទៀត អាចថាជាជំហានទី៣ ប៉ុន្តែលើកនេះយើងអាចថាផ្តោតទៅលើសហគ្រាសធុនតូចនិងធម្យមដែលជាវិស័យអាទិភាព ហើយអាចឱ្យគាត់មានលទ្ធភាពពង្រឹងបន្តអាជីវកម្មបន្តទៀត»។

គួររំលឹងថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ដំណាក់កាលទី១ ក្នុងទំហំទឹកប្រាក់១០០លានដុល្លារអាមេរិក ត្រូវបានបញ្ចប់អំឡុងខែតុលា ឆ្នាំ២០២០ ដែលមានសហគ្រាសចំនួន ៧៥៣ ទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូចំនួន២២។

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ដំណាក់កាលទី២ ក្នុងទំហំទឹកហិរញ្ញប្បទានសរុប ២៤០លានដុល្លារអាមេរិក ត្រូវបានញ្ចប់អំឡុងខែកញ្ញា ឆ្នាំ២០២២ ដែលមានសហគ្រាសចំនួន ១ ៩៩២ ក្នុងនោះ សហគ្រាសគ្រប់គ្រងដោយស្រ្តីចំនួន៦០០ បានទទួលកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន២៣៕