
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ហៅកាត់ថា CamDX ដែលអភិវឌ្ឍដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ២០២២ (0pen Source Adaptation of the Year)ពីពានរង្វាន់អនាគតនៃរដ្ឋាភិបាល(Future of Government Awards។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»។
ការផ្តល់ពានរង្វាន់នេះ មានកិច្ចសហការគាំទ្រដោយវិទ្យាស្ថាន AWS អង្គារ UNDP និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical ។
នេះគឺជាពានរង្វាន់អន្តរជាតិទី១ ដែលកម្ពុជាទទួលបានសម្រាប់ថ្នាល CamDX បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការបានរយៈពេលជាង២ឆ្នាំកន្លងមក ។
ពានរង្វាន់អនាគតនៃរដ្ឋាភិបាល គឺជាកម្មវិធីលើកទឹកចិត្តដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់រ ដ្ឋាភិបាលដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ ពានរង្វាន់នេះ មានគោល- បំណងសំដៅដល់ការលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ ក្នុងប្រព័ន្ធបច្ចេកវិទ្យារបស់រ ដ្ឋាភិបាល ដែលជះផលជាវិជ្ជមានដល់សង្គមជាតិតាមរយៈការផ្តល់សេវាសាធារណៈរបស់រដ្ឋាភិបាលប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។
ការទទួលបានជ័យលាភីខាងលើនេះ CamDX របស់កម្ពុជាស្ថិតក្នុងចំណោមគម្រោង១០មកពីប្រទេសចំនួន ៨ ដែលបានសម្រាំងរួច រួមមាន កាណាដា ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ប៉ាគីស្ថាន ហ្គីនេបីសោវ (Guinea -Bissau) អាហ្សង់ទីន ហ្វីលីពីន និងសាធារណរដ្ឋបេនីន (Benin) ។
ការវាយតម្លៃត្រូវឆ្លងកាត់ការដាក់ពិន្ទុរបស់គណៈកម្មការចំនួន ១៧ រូប មកពីប្រទេសផ្សេងៗគ្នា និងមានបទពិសោធន៍ក្នុងការងាររដ្ឋាភិបាល និងបច្ចេកវិទ្យាជាច្រើនឆ្នាំ។
ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រព័ន្ធអេកូឡូស៊ីរស់រវើកមួយដែលផ្តុំឡើងដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នចូលរួម និងមានអន្តរប្រតិបត្តិការផ្លាស់ប្តូរចូលទិន្នន័យរវាងគ្នានិងគ្នា។
ដោយក្រសួង-ស្ថាប័ននីមួយៗមានភាពជាម្ចាស់ពេញបរិបូណ៌លើប្រព័ន្ធដែលថ្ពក់ចូល និងទិន្នន័យដែលផ្លាស់ប្តូរតាមថ្នាល CamDX នេះ ។
គោលបំណងនៃការអភិវឌ្ឍថ្នាល CamDX ដែលយកគំរូតាម X-Road របស់ប្រទេសអេស្តូនី ហើយដែលត្រូវបានគេចាត់ទុកថាជាគំរូនិម្មាបនកម្ម (Architecture) ដ៏សមស្របបំផុតក្នុងការធ្វើបរិវត្តកម្មឌីជីថលរបស់រដ្ឋដែលនឹងធ្វើឱ្យកាន់តែប្រសើរ និងមានទំនុកចិត្តកាន់តែខ្ពស់ ពីវិស័យសាធារណៈ និងវិស័យឯកជនលើការថ្ពក់ចូលមកកាន់ថ្នាល CamDX នេះ សំដៅដល់ការផ្តល់សេវាពាក់ព័ន្ធនានាជូនសាធារណជន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។
បច្ចុប្បន្ន ថ្នាល CamDX មានប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (OBR) ជាសេវាសាធារណៈចម្បង និងប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស(GTAS) ដែលផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលនេះ ។
គិតចាប់ពីពេលដាក់ដំណើរការ មកទល់ពេលនេះ ចំនួនប្រតិបត្តិការសរុបនៅលើថ្នាល Ca mDX មានប្រមាណ ១៣លានប្រតិបត្តិការ ដោយនៅក្នុងឆ្នាំដំបូងមានត្រឹមតែ ៤,៧៦លាន ប្រតិបត្តិការតែប៉ុណ្ណោះ៕
- រោងចក្រផលិតសម្បកកង់រថយន្តមួយនៅក្រុងព្រះសីហនុនឹងទិញជ័រកៅស៊ូក្នុងស្រុក៣០០តោនក្នុងមួយថ្ងៃ - នៅថ្ងៃទី 30/12/2022
- កម្ពុជារៀបចំការប្រកួតធ្វើម្ហូបដើម្បីអបអរសាទរការរួមចំណែករបស់ចុងភៅនៅតាមសាលារៀន - នៅថ្ងៃទី 29/12/2022
- ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដូសដល់កម្ពុជា - នៅថ្ងៃទី 28/12/2022