ច្បាប់ព្រហ្មទណ្ឌថ្មី ដើម្បីរារាំងការរួមភេទមុនរៀបការ និងការរួមរស់នៅជាមួយគ្នាមុនរៀបការ នឹងត្រូវបានសភាប្រទេសឥណ្ឌូនេស៊ី អនុម័តនៅក្នុងខែធ្នូនេះ។ លោក Bambang Wuryanto អ្នកនយោបាយម្នាក់ដែលពាក់ព័ន្ធនឹងការធ្វើសេចក្ដីព្រាងច្បាប់នេះ បានលើកឡើងថា ច្បាប់ថ្មីនេះនឹងត្រូវអនុម័តនៅសប្ដាហ៍ក្រោយ។

សារព័ត៌មានBBCរបស់ចក្រភពអង់គ្លេសបានចុះផ្សាយថា ប្រសិនបើត្រូវបានអនុម័ត ច្បាប់ថ្មីនេះនឹងអនុវត្តទាំងលើពលរដ្ឋឥណ្ឌូនេស៊ីនិងជនបរទេស ហើយអ្នករួមភេទមិនទាន់រៀបការនឹងត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់១ឆ្នាំ និងអ្នកដែលរួមរស់នៅជាមួយគ្នាមិនទាន់រៀបការក៏ត្រូវបានហាមឃាត់ ហើយបើរកឃើញប្រព្រឹត្តខុស នឹងអាចប្រឈមជាប់ពន្ធនាគាររហូត៦ខែ។

ប៉ុន្តែសម្រាប់ក្រុមអ្នករកស៊ីបានបង្ហាញការព្រួយបារម្ភអំពីការអនុម័តច្បាប់ថ្មីនេះ ដោយសារវាធ្វើឱ្យប៉ះពាល់តំបន់ទេសចរណ៍ និងគោលដៅវិនិយោគរបស់ប្រទេស ព្រោះពួកគេយល់ថា ការបង្កើតច្បាប់ដ៏តឹងតែងលើការរួមភេទ នឹងធ្វើឱ្យអ្នកវិនិយោគពិចារណាឡើងវិញអំពីការទៅវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ដំបូងឡើយសេចក្ដីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅអនុម័តក្នុងឆ្នាំ២០១៩ ប៉ុន្តែកាលណោះបានបង្កឱ្យមានបាតុកររាប់សែននាក់ រួមទាំងសិស្ស ចេញតវ៉ាលើដងផ្លូវ តាមបណ្ដាទីក្រុងនៅទូទាំងប្រទេស រហូតមានការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលីស ដោយក្រុមបាតុករបានគប់ដុំថ្មទៅលើកម្លាំងប៉ូលីសដែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់ទឹកដើម្បីបំបែកហ្វូងតវ៉ា។

ខេត្តអាឆេ ដែលស្ថិតនៅភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ជាខេត្តតែមួយគត់របស់ប្រទេសនេះ បានអនុវត្តច្បាប់ឥស្លាមយ៉ាងតឹងរឹង គឺច្បាប់ Sharia ដើម្បីដាក់ទណ្ឌកម្មលើអ្នកលេងល្បែងស៊ីសង ការផឹកគ្រឿងស្រវឹង និងការជួបជជែកជាមួយអ្នកដែលមានភេទផ្ទុយគ្នា និងអ្នកស្រលាញ់ភេទដូចគ្នា។

កាលពីឆ្នាំ២០២១ បុរសពីរនាក់ត្រូវគេដាក់ទណ្ឌកម្មដោយម្នាក់ត្រូវវាយ៧៧រំពាត់នៅទីសាធារណៈ បន្ទាប់ពីពួកគេទាំងពីរបានដេកនៅលើគ្រែជាមួយគ្នា។ នៅថ្ងៃជាមួយគ្នានោះ មនុស្សប្រុសស្រីពីរនាក់ត្រូវបានគេវាយម្នាក់២០រំពាត់ ពីបទនៅកៀកកើយជិតស្និទ្ធនឹងគ្នា ហើយបុរសពីរនាក់ទៀតត្រូវបានគេវាយម្នាក់៤០រំពាត់ ពីបទផឹកគ្រឿងស្រវឹង៕