ស្លាកសញ្ញា Twitter នៅ​ទី​ស្នាក់ការ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​នៅ​ទី​ក្រុង San Francisco រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ក្រុមហ៊ុន Twitter បាន​ឈប់ប្រកាន់​យក​គោលការណ៍​ដើម្បី​ត្រួតពិនិត្យមើលព័ត៌មាន​ក្លែងក្លាយ ពាក់ព័ន្ធ​នឹងជំងឺកូវីដ១៩​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ ដែល​អាចដាក់​ក្រុមហ៊ុន​នេះ​ ទៅ​ក្នុង​ហានិភ័យ​ដ៏​ធំ​មួយ​ ដោយ​សារ​អាន​ការ​កើន​ឡើង​ខ្លាំង​នូវ​ព័ត៌មាន​មិន​ពិត​អំពី​កូវីដ​លើ​បណ្តាញ Twitter​ ខណៈ ពេល​ដែល​មាន​ករណីឆ្លង​ជំងឺកូវីដ១៩​កាន់​តែ​កើន​ឡើង​ខ្លាំងនៅក្នុង​ប្រទេស​ចិន​ និងផ្នែក​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​នោះ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ទង្វើ​នេះ​កើត​មាន​ឡើង​ ស្រប​ពេល​ដែលគេ​កំពុង​មាន​ក្តី​បារម្ភទៅ​លើ​សមត្ថភាពរបស់ក្រុមហ៊ុន Twitter ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនិង​ព័ត៌មាន​ក្លែងក្លាយ​ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ បាន​បញ្ឈប់​បុគ្គលិក​ប្រមាណ​ជិត​ពាក់​កណ្តាល​របស់​ខ្លួន​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​បុគ្គលិកដែល​ត្រួតពិនិត្យ​ខ្លឹមសារនៅ​លើ​បណ្តាញ​សង្គម​មួយ​នេះ​ផង​ដែរ​ នៅ​ក្រោមម្ចាស់​គ្រប់គ្រងថ្មី​គឺ​លោក​ Elon Musk នោះ។ ​

ទំព័រ blog របស់​ក្រុមហ៊ុន​នេះ​បាន​និយាយក្នុង​ពេលបាន​ធ្វើ​បច្ចុប្បន្ន​ភាព​ចុងក្រោយ​ថា៖ ​«ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​នេះ​តទៅ​ ក្រុមហ៊ុន Twitter នឹង​ឈប់​អនុវត្តទៅ​លើ​វិធានការ​ត្រួត​ពិនិត្យ​ព័ត៌មាន​ ដែល​អាចធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ ស្តី​ពី​ជំងឺ​កូវីដ​១៩​ ទៀត​ហើយ»។ ​ព័ត៌មាន​អំពី​ការ​កែប្រែ​គោលការណ៍​នេះ ត្រូវ​បាន​ចេញ​ផ្សាយមុន​គេ​ដោយ​ទូរទស្សន៍​ CNN​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។​

​វិធានការ​ជាក់ជាក់​ណា​ដែល​ក្រុមហ៊ុន​ឈប់​អនុវត្ត​នេះ​ ​នៅ​មិន​ទាន់​មានភាព​ច្បាស់​លាស់​ភ្លាមៗ​នៅ​ឡើយ​ទេ​ ហើយ​ក្រុមហ៊ុន​ក៏​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ដែរ​ ទៅ​នឹង​សំណើ​សុំ​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​ជុំវិញ​រឿង​នេះ។

នៅ​ពេល​ដែល​ជំងឺកូវីដ១៩​ចាប់​ផ្តើមរាតត្បាតខ្លាំង​កាល​ពី​ឆ្នាំ​២០២០ ក្រុមហ៊ុន Twitter បាន​ដាក់​ចេញនូវ​វិធានការ​មួយ​ចំនួន​ ដែល​រួម​មាន​ការ​កត់​សម្គាល់​និង​សារ​ព្រមាននៅ​លើ​បណ្តាញ​របស់​ខ្លួន​ ចំពោះ​សារណាដែលត្រូវ​បាន​សង្ស័យ​ថា​មាន​ព័ត៌មាន​មិន​ពិតស្តី​ពី​វិបត្តិ​សុខភាព​ ក៏​ដូចជាការ​សុំ​ឱ្យ​អ្នក​បង្ហោះ​សារនោះ​ដកចេញ​នូវ​សាររបស់​ខ្លួនដែល​បាន​បង្ហោះ​ ដែល​អាច​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់ទៅលើ​ការ​បញ្ជាក់​អះអាង​ខុស​ពាក់​ព័ន្ធ​នឹង​រឿង​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ជា​ដើម។​

ក្រុមហ៊ុនMeta ដែល​ជា​ម្ចាស់​ធំ​ពី​លើ​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន ​Alphabet ដែល​ជា​ម្ចាស់​នៃ​គេហទំព័រ YouTube នោះ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ប្រហាក់​ប្រហែល​គ្នា​នេះផង​ដែរ​ ហើយដែល​ពេល​នេះ​កំពុង​តែ​អនុវត្ត​នូវ​វិធានការ​ទាំង​នោះ​នៅ​ឡើយ។​ ​

កាល​ពី​ដើម​ឆ្នាំ​នេះ​ ក្រុមហ៊ុន Twitter និយាយ​ថា ចាប់​តាំង​ពីខែ​មីនា ឆ្នាំ​២០២១​មក​ ខ្លួន​បាន​ឈប់​អនុវត្ត«គោលការណ៍​សុចរិតភាព​ស៊ីវិល» ​ទៀត​ហើយ ពាក់ព័ន្ធ​នឹង​ការ​និយាយ​កុហក​ទាក់ទងនឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ក្នុង​ឆ្នាំ​២០២០​នោះ។​

លោក​ Musk ដែល​ជា​មហាសេដ្ឋី​មួយ​រូបនោះ​ បានទិញ​យក​ក្រុមហ៊ុន Twitter កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​កន្លង​ទៅ​ ក្នុង​ទឹកប្រាក់​ប្រមាណ​៤៤​ពាន់លាន​ដុល្លារ​អាមេរិក​ ហើយ​បានធ្វើ​ការ​កែប្រែ​យ៉ាង​ឆាប់រហ័ស​ទៅ​លើ​ផ្នែក​បុគ្គលិក​និង​ការ​ផលិត។​ ​លោក Musk បាន​និយាយនៅ​ថ្ងៃ​ទី២៩ ខែ​តុលា​ថា​ លោក​នឹង​បង្កើត​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ខ្លឹមសារ​ ដែល​មាន​‍«ទស្សនៈ​ចម្រុះ​ផ្សេងៗយ៉ាង​ធំ​ទូលាយ‍»៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា​ វណ្ណារិទ្ធ