ក្រុមហ៊ុនហូឡង់ប្រកាសផលិតរថយន្តអគ្គិសនីអាចរត់បាន៧ខែដោយមិនចាំបាច់បញ្ចូលភ្លើង។ រូបភាព៖ រូបភាព៖ Bloomberg

ក្រុមហ៊ុន Lightyear ដែលជាក្រុមហ៊ុនទើបបង្កើតរបស់ប្រទេសហូឡង់ បានប្រកាសចាប់ផ្ដើមផលិតរថយន្តអគ្គិសនីដំបូងគេ ដែលទាញយកថាមពលពីពន្លឺព្រះអាទិត្យដោយផ្ទាល់។

រថយន្តដែលគេដាក់ឈ្មោះ Lightyear0 មានតម្លៃក្នងមួយគ្រឿងជាង២សែន៥ម៉ឺន៩ពាន់ដុល្លារ និងទទួលបានការបញ្ជាទិញទុកមុនប្រហែល១៥០គ្រឿងរួចហើយ។

នៅពេលបច្ចុប្បន្ននេះ រោងចក្រក្រុមហ៊ុន lightyear ស្ថិតក្នុងនៅប្រទេសហ្វាំងឡង់មានសមត្ថភាពផលិតយន្តអគ្គសនីនេះមួយគ្រឿងក្នុងមួយអាទិត្យ ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំក្រោយ ក្រុមហ៊ុនគ្រោងនឹងពង្រីកសមត្ថភាពផលិតឱ្យបាន៥គ្រឿងក្នុងមួយអាទិត្យ។

យោងតាមក្រុមហ៊ុន Lightyear រថយន្តនេះអាចដំណើរការបានរហូតរាប់ខែដោយមិនចាំបាច់បញ្ចូលអគ្គិសនី អាស្រ័យលើបរិមាណនៃពន្លឺព្រះអាទិត្យដែលវាទទួលបាន។ នៅក្នុងទីក្រុងអាំស្ទែដាំ (Amsterdam) រថយន្តនេះអាចដំណើរការបានរហូតដល់២ខែ ដោយមិនចាំបាច់បញ្ចូលថ្ម ហើយថែមទាំងអាចរត់បានទៅដល់៧ខែ នៅក្នុងប្រទេសព័រទុយហ្គាល់។

គម្រោងផលិតរថយន្តថាមពលពន្លឺព្រះអាទិត្យភាគច្រើន បានបរាជ័យក្នុងដំណាក់កាលគំរូ និងដំណាក់កាលរចនា ជាពិសេសដោយសារតែអ្នកវិនិយោគស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់ទៅក្នុងបច្ចេកវិទ្យាថ្មីៗ។

ទោះយ៉ាងណា ក្រុមហ៊ុន Lightyear បានបង្កើតប្រវត្តិសាស្ត្រ បន្ទាប់ពីរៃអង្គាសប្រាក់បាន៨១លានផោនកាលពីឆ្នាំមុន និងចាប់ផ្តើមដោយជោគជ័យនូវការផលិតរថយន្តថាមពលពន្លឺព្រះអាទិត្យដំបូងគេរបស់ពិភពលោក៕