សមាជិក​រដ្ឋសភា​អាមេរិក​​​នៃ​រដ្ឋNew York ​លោក Hakeem Jeffries ដើរ​នៅ​ក្បែរ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ក្រោយ​ពី​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា។

វ៉ាស៊ីនតោន — សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជ្រើសរើសមេដឹកនាំ​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធម្សិលមិញ។​

សមាជិក​រដ្ឋសភា​អាមេរិក​នៃ​រដ្ឋ New York ​លោក Hakeem Jeffries ​នឹង​ក្លាយ​ជា​មេដឹកនាំ​ស្បែក​ខ្មៅលើក​ដំបូងរបស់​គណបក្ស​ដ៏​សំខាន់​មួយនៅក្នុង​សភា​សហរដ្ឋ​អាមេរិក​ នៅ​ពេល​ដែលរដ្ឋសភា​អាណត្តិ​ថ្មី​ នឹង​ចាប់ផ្តើម​បើក​សម័យ​ប្រជុំ​របស់​ខ្លួនក្នុង​ខែ​មករា​ខាង​មុខ​នេះ។​

លោក Jeffries ​ដែល​មាន​អាយុ​៥២​ឆ្នាំ​និង​ជា​សមាជិក​រដ្ឋសភា​អាមេរិក​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​នោះ​ បាន​សន្យា​នឹង​សម្រេចការងារ​ឱ្យ​បាន​ល្អ​ បើ​ទោះ​បី​ជា​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ បាន​ចាញ់ឆ្នោត​គណបក្ស​សាធារណរដ្ឋ​ដោយ​សំឡេង​តិចតួច​ នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​កន្លង​ទៅ​ក្តី។​ ​

ការ​ជ្រើសរើស​លោក Jeffries ​នៅ​ក្នុងការ​បោះឆ្នោត​ដោយ​សំឡេង​គាំទ្រជា​ឯកច្ឆន្ទ នៅ​ក្នុង​កិច្ចប្រជុំ​របស់​សមាជិកសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយសម្រាប់​គណបក្ស​នេះ។ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យដែលផុតតំណែង​ លោក​ស្រី Nancy Pelosi ​ដែល​មាន​អាយុ​៨២​ឆ្នាំ​ ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យក្នុង​រដ្ឋសភា​អស់​រយៈ​ពេល ​២០​ឆ្នាំ​កន្លង​ទៅ​ ហើយ​លោកស្រីបាន​ប្រកាស​ក្នុង​ពេល​ថ្មីៗ​នេះ​ថា​ លោក​ស្រី​នឹង​ស្ថិតនៅ​ជា​សមាជិក​រដ្ឋសភា​ធម្មតា​ ដោយ​មិន​ស្វះ​ស្វែង​រក​តួនាទី​ដឹកនាំ​របស់គណបក្ស​តទៅទៀត​នោះ​ឡើយ​ នៅ​ក្នុង​រដ្ឋសភា​អាណត្តិ​ថ្មី ដែល​ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។​

លោក Jeffries ​ជា​សមាជិក​រដ្ឋសភា​មួយ​រូប​ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​៣​រូប​ ដែល​ត្រូវ​បាន​ជ្រើសរើសជា​មេដឹកនាំរបស់​គណបក្ស​នេះ​ ​ដែល​រួម​មាន​សមាជិក​រដ្ឋសភា​លោក​ស្រី Katherine Clark អាយុ​៥៩​ឆ្នាំនៃ​រដ្ឋ Massachusetts ​ឱ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​វិន័យរបស់​គណបក្ស ​និង​សមាជិក​រដ្ឋសភានៃ​រដ្ឋ California ​លោក Pete Aguilar អាយុ​៤៣​ឆ្នាំ​ ឱ្យ​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំរបស់​គណបក្ស​ប្រជាធិបតេយ្យ។​ ​

សមាជិក​រដ្ឋសភា​អាមេរិកខាង​គណបក្ស​សាធារណរដ្ឋ​លោក Kevin McCarthy នៃ​រដ្ឋ​ California មាន​គម្រោង​នឹង​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​អាមេរិក​អាណត្តិ​ថ្មី​ បើ​ទោះ​បីជាសមាជិកអភិរក្ស​និយម​ខ្លះ​នៃ​គណបក្សសាធារណរដ្ឋ​របស់​លោក​ ​អាច​មិន​គាំទ្រ​លោក​ក៏​ដោយ។​ ​

ដោយ​ការ​គ្រប់គ្រង​រដ្ឋសភា​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុងសភា​អាណត្តិ​ថ្មី​ ហើយ​គណបក្ស​ប្រជាធិបតេយ្យនៅ​តែ​រក្សា​ការគ្រប់គ្រង​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក​ ហើយលោក Joe Biden ជា​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ ​កិច្ចព្រមព្រៀង​នយោបាយលើ​ច្បាប់​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​ ទំនង​ហាក់​ដូច​ជា​មាន​ការ​លំបាកនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ពេល​ខាង​មុខ៕​ ​