ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (កណ្ដាល) ជួប​ជាមួយ​នឹងក្រុម​មេដឹកនាំ​កំពូលៗ​របស់​សភា​នៅ​ក្នុង​សេតវិមាន កាល​ពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

វ៉ាស៊ីនតោន — លោក​ប្រធានាធិបតី ​Joe Biden​ បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​កំពូលៗ​របស់​សភា​នៅ​ក្នុង​សេតវិមាន ​កាលពី​ថ្ងៃអង្គារ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បង្កើត​ច្បាប់​ជា​អាទិភាព​នៅមុន​ដំណាច់​ឆ្នាំ​នេះ ​ខណ:​ដែល​សមាជិក​សភា​បាន​វិល​ត្រឡប់​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ ​បញ្ចប់​អាណត្តិ​ចុងក្រោយ​ នៅមុន​ពេល​សភា​ថ្មី​ចូល​កាន់​តំណែង។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍ ​CBS News។

មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​លោក ​Chuck Schumer​ និង​មេដឹកនាំ​សំឡេង​ភាគ​តិច​នៅ​ព្រឹទ្ធសភា​លោក​ Mitch McConnell ​និង​ប្រធាន​រដ្ឋសភា​គឺ​លោកស្រី​ Nancy Pelosi​ ហើយ​នឹង​លោក​ Kevin McCarthy ​មេដឹកនាំ​សំឡេង​ភាគតិច​នៅ​រដ្ឋសភា​ ស្ថិតក្នុង​ចំណោម ឥស្សរជន​ដែល​ចូលរួម​នៅឯ​កិច្ចប្រជុំ​ក្នុង​បន្ទប់​ Roosevelt Room ​ជាមួយ​នឹង​លោកស្រីអនុប្រធានាធិបតី ​Kamala Harris ​ផងដែរ។

កិច្ចប្រជុំ​ជាក្រុម​របស់​ឥស្សរជន​កំពូល​របស់​ប្រទេស​នេះ​កើត​ឡើង​ជាលើក​ដំបូង​ចាប់តាំង​ពីមាន ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​មក។ ដោយសារ​តែ​គណបក្ស​សាធារណរដ្ឋ​ត្រៀមនឹង​គ្រប់ គ្រង​រដ្ឋសភា​នៅខែ​មករា​ខាងមុខ​ គណបក្ស​ប្រជាធិបតេយ្យ​រំពឹង​យ៉ាងខ្លាំង​ និង​ជាចាំ​បាច់​ក្នុងការ បង្កើត​សមិទ្ធផល​នីតិកម្ម នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ​នៅពេល​ដែលខ្លួន​គ្រប់គ្រង​សភា​ទាំងពីរ​ថ្នាក់​ក្នុង​ដំណាក់​កាល​ចុងក្រោយ។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍ ​CBS News។

នៅពេល​ដែល​អ្នកកាសែត​ត្រូវគេ​អនុញ្ញាត​ឲ្យ​ចូលរួម​ផ្តិត​យក​ព័ត៌មាន​ ពេល​កិច្ចប្រជុំ​ចាប់ផ្តើម​នោះ លោកប្រធានាធិបតី ​បាន​ថ្លែងថា​សេដ្ឋកិច្ច​អាមេរិក​កំពុង​ជួប​ហានិភ័យ​ដោយសារ​តែ​ការ​គំរាម​ធ្វើ កូដកម្ម​របស់​បុគ្គលិក​រថភ្លើង​ដែល​អាច​កើតឡើង​នៅ​ពាសពេញ​ប្រទេស។ កាលពី​យប់​ថ្ងៃចន្ទ លោក​ប្រធានាធិបតី​បានស្នើ​ដល់​សភា​ឲ្យធ្វើ​អន្តរាគមន៍​និង​អនុម័ត​សេចក្តី​សម្រេច​របស់​សភា ដើម្បី​បង្ខំ​ឲ្យ​បុគ្គលិក​រថភ្លើង​ចូល​ធ្វើការ​នៅតាម​ស្ថានីយ​វិញ។ លោក​ប្រធានាធិបតី ​Biden ​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ​ថា​ លោក​ជឿជាក់​ថា ​សភា​នឹង​អាច​ទប់ស្កាត់​កូដកម្ម របស់​ក្រុម​បុគ្គលិក​រថភ្លើង​បាន។

លោក​ប្រធានាធិបតី ​បានថ្លែង​ផងដែរ​ថា ​សមាជិក​សភា​ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ផ្តល់​ថវិកាដល់​រដ្ឋាភិបាល​នៅមុន​ពេល​កំណត់​ចុងក្រោយ​គឺថ្ងៃ​ទី១៦​ ខែធ្នូ ​ហើយក៏​ត្រូវផ្តល់​ថវិកា​ជា​ចាំបាច់​សម្រាប់​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ១៩ ​និង ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន​ផងដែរ៕