អតិថិជនសុវណ្ណចិន្តាទទួលផលត្រចៀកកាំរហូតដល់ជាង២០គីឡូក្រាមក្នុង១ខែ។រូបភាព៖ផ្តល់ឱ្យដោយលោក សុវណ្ណ ចិន្តា

អតិថិជនក្រុមហ៊ុន សុវណ្ណចិន្តា អាចប្រមូលផលសម្បុកត្រចៀកកាំរហូតដល់ជាង២០គីឡួក្រាមក្នុង១ខែ ក្រោយទទួលសេវាសាងសង់ និងបច្ចេកទេសផ្សេងៗ ពីក្រុមហ៊ុនសាងសង់ផ្ទះត្រចៀកកាំ សុវណ្ណ ចិន្តា ដែលមានជំនាញច្បាស់លាស់ពីប្រទេសវៀតណាម និងម៉ាឡេស៊ី។

លោក សុវណ្ណ ចិន្តា ម្ចាស់ក្រុមហ៊ុន សុវណ្ណ ចិន្តា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៩ វិច្ឆិកាថា ជាទូទៅផ្ទះត្រចៀកកាំ ដែលក្រុមហ៊ុនលោកបានសាងសង់ទទួលបានផលច្រើនជាបន្តបន្ទាប់ និងបរិមាណសម្បុកត្រចៀកកាំ កើនឡើងពីមួយខែ ទៅមួយខែ។ លោកបន្តថា អតិថិជនក្រុមហ៊ុនសុវណ្ណ ចិន្តា ប្រមូលផលសម្បុកត្រចៀកកាំចន្លោះពី១៨គីឡូក្រោម រហូតដល់ជាង២៣គីឡូក្រោមក្នុង១ខែ អាស្រ័យទៅតាមអាយុកាល នៃផ្ទះនីមួយៗ។

លោកថ្លែងដូច្នេះថា៖«(ប្រមូលបាន)ច្រើនតើ ប៉ុណ្ណឹងអូខេហើយ អ្នកខ្លះគេធ្វើអត់បានដូចយើងផងហ្នឹង។ យើង(ផ្ទះ)២ ឆ្នាំ ៥ខែ ២៧ថ្ងៃ ហើយបេះបាន៧គីឡូជាងល្អហើយ។ ព្រោះផ្ទះហ្នឹងឡើងរាល់ខែ មុនដំបូង តែ៤គីឡូជាង សារក្រោយ៥គីឡូជាង សារក្រោយបាន៦ គីឡូជាង ឥឡូវបានជាង៧គីឡូក្រោម។ អ៊ីចឹង! រាល់ខែវាឡើងរហូត វាល្អ។ មាន១០គីឡូជាងទៀត នោះ មិនមែនមានតែ៧គីឡូនោះទេ មាន១០គីឡូជាង មាន២០គីឡូជាងទៀតនោះ អាហ្នឹងយើងនិយាយកម្រិតនៅស្រុកខ្មែរ។ បើនៅស្រុកគេវាច្រើន ស្រុកគេវាឡើង៣០គីឡូក្រាម ៤០ជាងអស់ហើយ»។

អតិថិជនសុវណ្ណចិន្តា កំពុងសប្បាយរីករាយក្នុងការប្រមូលផលសម្បុកត្រចៀកកាំ។ រូបភាព៖ ផ្តល់ឱ្យដោយលោក​ សុវណ្ណ ចិន្តា

លោកបន្តថា កត្តាដែលធ្វើឱ្យមានសម្បុកត្រចៀកកាំបរិមាណច្រើន មិនមែនអាស្រ័យលើទីតាំង និងបរិយាកាសជុំវិញនោះទេ វាស្រ័យលើបច្ចេកទេសសាងសង់ផ្ទះ និងបច្ចេកទេថែទាំផ្សេងៗទៀត។ លោកបន្ថែមថា អតិថិជនលោកបច្ចុប្បន្នកំពុងទទួលបានជោគជ័យ ដោយសារក្រុមហ៊ុនបានបង្រៀនអតិថិជនចេះពីបច្ចេកទេសថែទាំផ្ទះត្រចៀកកាំ ហើយពួកគាត់យកទៅអនុវត្តជាប្រចាំ។

លោកបញ្ជាក់ថា កន្លងមកពលរដ្ឋតែងតែឮតាមគ្នាថា នៅតំបន់សមុទ្រ ដូចជានៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងស្រុកស្រែអំបិល ខេត្តកោះកុង មានសត្វត្រចៀកកាំច្រើនចូលរស់នៅ ប៉ុន្តែតាមពិតមិនមែននោះទេ ព្រោះមានអតិថិជនច្រើនធ្វើនៅតំបន់នោះបរាជ័យ គ្មានសត្វចូលរស់នៅ ដោយសារខ្វះបច្ចេកទេស។

ក្រុមហ៊ុនសុវណ្ណចិន្តា បានបើកដំណើរការអាជីវកម្មសាងសង់ផ្ទះត្រចៀកកាំនៅខ្មែរអស់រយៈពេលជាង៣ឆ្នាំ ដោយគិតមកដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់ផ្ទះបានចំនួនជាង៣០។

ក្រុមហ៊ុនសុវណ្ណ ចិន្តា មានសេវាកម្មប្រមូលផលត្រចៀកកាំជូនអតិថិជន។ រូបភាព៖ ផ្តល់ឱ្យដោយលោក សុវណ្ណ ចិន្តា

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថាតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោនទៅ១តោនកន្លះក្នុង១ខែ។

របាយការណ៍បញ្ជាក់ថា សំបុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧០០ ដល់៩០០ដុល្លារក្នុង១គីឡូក្រាម និងសំបុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០ ដល់២ពាន់ដុល្លារ ក្នុង១គីឡូក្រាម៕