នៅ​ថ្ងៃទី ២៨ វិច្ឆិកា លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការដាំដុះដំណាំស្រូវ ក្រោយរង​គ្រោះដោយសារទឹកជំនន់ទឹកភ្លៀង។រូបភាព៖​ហ្វេសប៊ុក រដ្ឋបាលខេត្ត​បាត់ដំបង

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង អះអាងថា ស្រូវដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងទៅជាង១ម៉ឺនហិកតា ត្រូវបានស្តារឡើងវិញបាន១០០% ដោយប្រើប្រាស់ពូជស្រូវសរុបជាង ១ពាន់តោន។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្ទៃដីដែលបានស្ដារឡើងវិញសរុបជាង១ម៉ឺន២ពាន់ហិកតាត្រូវបានប្រើប្រាស់គ្រាប់ពូជចំនួន ១ ២៤៥តោន និង៤០០គីឡូក្រាម រហូតមកដល់ពេលនេះ គ្រាប់ពូជទាំងនោះបានដុះលូតលាស់យ៉ាងល្អប្រសើរស្ទើរតែ១០០% ខណៈប្រភពទឹកមានគ្រប់គ្រាន់។

ស្រូវ​ដែលខូចខាតដោយសារទឹកជំនន់ជាង​១ម៉ឺន​ហិកតា​ត្រូវ​បានស្តារឡើងវិញ​នៅខេត្តបាត់ដំបង។រូបភាព៖ហ្វេសប៊ុក ​រដ្ឋបាលខេត្តបាត់ដំបង

លោក វជិរា ប្រាប់ខ្មែរណាស់នៅថ្ងៃពុធថា៖«ខេត្តបាត់ដំបងយើងស្តារស្រូវដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ពូជស្រូវយើងបានស្តារ១០០%ហើយ លើផ្ទៃដី ១២ ៤៥៦ហិកតា យើងមានពូជសែនក្រអូប និងពូជអូអឹម ៥៤៥១។យើងអាចប៉ាន់ស្មានមើលក្នុងចន្លោះសប្តាហ៍ទី២ ឬទី៣ ក្នុងខែ២ អាចប្រមូលផលបានហើយ»។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង និង​ប្រធានមន្ទីរ​កសិកម្ម និងប្រធានមន្ទីរធនធានទឹក​ បានចុះទៅពិនិត្យការដាំដុះស្រូវ​ដែល​បាន​ស្តារឡើងវិញ​កាលពី​ចន្ទ​។រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្ត​បាត់ដំបង​

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយពីទទួលបានគ្រាប់ពូជស្រូវពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ការស្តារស្រូវឡើងវិញ កំពុងទទួលបានលទ្ធផលល្អដោយស្រូវកំពុងលូតលាស់ល្អ។ លោកនិងប្រធានមន្ទីរកសិកម្មខេត្ត បានចុះវាយតម្លៃការស្តារស្រូវឡើង គឺក្នុងឃុំអន្លង់រុន និងឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

លោក សុខ លូ លើកឡើងថា៖«ប្រមុខរដ្ឋាភិបាល បានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះ បានជួយដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញបានទាន់ពេលវេលា»។

ខេត្តបាត់ដំបង បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដាំដុះស្រូវសរុបជាង ៤ម៉ឺន ៥ពាន់ហិកតា ហើយផ្ទៃដីដែលខូចខាតមានចំនួនជាង ២ម៉ឺន ៦ពាន់ហិកតា។

លោក គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ស្រូវសរុបជាង ៦០០តោនរួចហើយ ចែកប្រជាពល​រដ្ឋនៅខេត្ត បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម គិតត្រឹមថ្ងៃទី១៨ តុលា។ នេះបើតាមបណ្តាញសង្គមហ្វេសប៊ុករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕