
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក កម្មវិធីអាហារូបត្ថម្ភជាតិ និងអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision) បានប្រកាសឱ្យដំណើរការអនុវត្តកម្មវិធីសាកល្បង «មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល»រយៈពេល១ ឆ្នាំ ដើម្បីឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ និងសុខុមាលភាពកុមារ។
សេចក្តីប្រកាសព័ត៌មានអង្គការទស្សនៈពិភពលោកនៅថ្ងៃទី២៩វិច្ឆិកាបានលើកឡើងថា កម្មវិធីសាកល្បងនេះ នឹងអនុវត្ត នៅតាមមណ្ឌលសុខភាពចំនួន៨ ស្របតាមគោលការណ៍ណែនាំគំនិតផ្តួចផ្តើម មន្ទីរពេទ្យស្រលាញ់ទារក ដែលក្រសួងសុខាភិបាលបានឱ្យដាក់ដំណើរការកាលខែកញ្ញាឆ្នាំ២០២២។
អង្គការទស្សនៈពិភពលោកបញ្ជាក់ថា គំនិតផ្តួចផ្តើមសាកល្បងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារអាយុក្រោម៥ឆ្នាំ ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល នៅក្នុងតំបន់ទាំងនោះ ហើយទារកទើបកើតជាង២ពាន់នាក់ និងស្រ្តីមានផ្ទៃពោះជាង៣ពាន់នាក់ នឹងទទួលបានផលវិជ្ជមាន ពីការលើកកម្ពស់ការអនុវត្ត «មណ្ឌលសុខភាពស្រលាញ់ទារក»។ លើសពីនេះទៅទៀត គម្រោងនេះ នឹងជួយលើកកម្ពស់គុណភាពសេវានៅមណ្ឌលសុខភាពចំនួន៨នៅស្រុកពួក និងស្រុកវ៉ារិន ព្រមទាំងមន្ទីរពេទ្យបង្អែកអង្គរជុំ ខេត្តសៀមរាប។
លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជាមានប្រសាសន៍ថា គ្រឹះស្ថានសុខាភិបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះ។
លោកស្រីថ្លែងដូច្នេះថា៖«ប៉ុន្មានថ្ងៃដំបូងនៃជីវិតរបស់ទារកទើបនឹងកើត គឺជាពេលវេលាដ៏សំខាន់មួយក្នុងការគាំទ្រដល់ម្តាយ ដើម្បីឱ្យពួកគាត់បំបៅកូនដោយទឹកដោះប្រកបដោយជោគជ័យ»។
លោកស្រីបន្តថា អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ គំនិតផ្តួចផ្តើម មន្ទីរពេទ្យស្រលាញ់ទារកជាសកល ដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានសុខាភិបាលទូទាំងសកលលោក គាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ ឱ្យកាន់តែប្រសើរឡើង។
លោកស្រីបញ្ជាក់ថា មានជំហានចំនួន១០ ដែលត្រូវបានណែនាំ ដើម្បីលើកកម្ពស់ការថែទាំព្យាបាល ទាំងម្តាយ និងទារកប្រកបដោយជោគជ័យ។ ជំហានទាំង១០នោះ គឺផ្តោតទៅលើការការពារ និងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ជាមួយស្រ្តីមានផ្ទៃពោះ និងស្រ្តីទើបសម្រាលកូននៅតាមមណ្ឌលសុខភាព។
លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា វាចាំបាច់ណាស់ក្នុងការលើកកម្ពស់ចំណេះដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល អំពីអត្ថប្រយោជន៍ នៃការបំបៅកូនដោយទឹកដោះម្តាយ។
លោកស្រីថ្លែងដូច្នេះថា៖«ការគាំទ្របុគ្គលិកមណ្ឌលសុខភាព ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ នឹងផ្តល់លទ្ធភាពឱ្យពួកគេ អប់រំស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល។ បន្ថែមពីលើការអប់រំអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ នៃការបំបៅកូនដោយទឹកដោះម្តាយ ការដាក់ស្បែកទារកប៉ះទៅស្បែកម្តាយភ្លាមៗ នៅពេលសម្រាល និងការចាប់ផ្តើមបំបៅកូន ដោយទឹកដោះម្តាយក្នុងមួយម៉ោងដំបូងនៃការសម្រាល ចាំបាច់ត្រូវផ្សព្វផ្សាយទាំងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល»។

លោកស្រី ឈា គឹមឆាត ប្រធានមណ្ឌលសុខភាពសសរស្តម នៃការិយាល័យស្រុកប្រតិបត្តិអង្គរជុំ រំពឹងថាគំនិតផ្តួចផ្តើមសាកល្បងកម្មវិធីនេះ នឹងជួយលើកកម្ពស់ការផ្តល់សេវាតាមមណ្ឌលសុខភាព បង្កើនអត្រាបំបៅដោះកូនដោយទឹកដោះម្តាយ ជាពិសេសកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល និងបញ្ហាសុខភាពផ្សេងៗទៀត នឹងទទួលបានការព្យាបាលទាន់ពេលវេលា។
យោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា បានឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខ ក្នុងចំណោមកុមារអាយុ០-៥ខែ បានកើនឡើងពី១១ភាគរយ នៅឆ្នាំ២០០០ កើនដល់កម្រិតខ្ពស់បំផុត ៧៤ភាគរយ នៅឆ្នាំ២០១០ ហើយបានធ្លាក់ចុះជាបន្តបន្ទាប់ពី៦៥ភាគរយ នៅឆ្នាំ២០១៤ ដល់៥១ភាគរយ ក្នុងឆ្នាំ២០២១-២០២២៕
- ការធ្លាក់សពីរប្រភេទ ដែលស្រ្ដីគួរយល់ដឹង - នៅថ្ងៃទី 30/12/2022
- ខេត្តចំនួន៣នឹងអនុវត្តគម្រោងលើកកម្ពស់សន្តិសុខស្បៀងដល់គ្រួសារក្រីក្រ - នៅថ្ងៃទី 30/12/2022
- មន្ត្រី៖ ត្រីប្រហុកឆ្នាំនេះអាចនឹងមានច្រើនជាងឆ្នាំមុន ដោយសារអាកាសធាតុអំណោយផល - នៅថ្ងៃទី 30/12/2022