គម្រោងសាងសង់ផ្លូវនិងស្ពានឆ្លងកាត់ទន្លេមេគង្គដំបូងនៅក្រចេះ ត្រៀមចំណាយជាង១១១លានដុល្លារ។រូបភាព៖ ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គដំបូងគេនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៧ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះទៅស្រុកព្រែកប្រសព្វ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗនេះ ដោយនឹងចំណាយថវិកាជាង១១១លានដុល្លារ ជាកម្ចីពីប្រទេសចិន។ នេះបើតាមការបង្ហោះពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូនថ្ងៃទី២៨ វិច្ឆិកា។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនិងស្ពាននេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ហើយកាលពីថ្ងៃចន្ទម្សិលមិញ មន្រ្តីជំនាញក្រសួងសាធារណការ និងតំណាងក្រុមហ៊ុនទាំងពីរ បានបើកប្រជុំពិភាក្សាលើកទី១ ស្ដីគម្រោងសាងសង់នេះ។

កិច្ចប្រជុំនេះ មានគោលបំណងណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការគ្នា រួមទាំងធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់។

គម្រោងសាងសង់ផ្លូវនិងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ មានប្រវែងជាង៣៣គីឡូម៉ែត្រ ក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹងជាង១៣ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែងជាង១៥គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែងជាង១៦គីឡូម៉ែត្រ ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ៕