អ្នកអភិរក្សកំពុងពិនិត្យអណ្តើក ដែលត្រូវរបូស។រូបភាព៖ ហ្វេសប៊ុក៖ អង្គការ WCS

អ្នកនេសាទរស់នៅតាមព្រែកស្រែអំបិល ខេត្តកោះកុង បានប្រទះឃើញអណ្តើកហ្លូងញីមួយក្បាលរងរបួសធ្ងន់ត្រង់ស្នូកខាងលើ កំពុងហែលនៅក្នុងប្រឡាយទឹករាក់ ដែលតភ្ជាប់ពីដងព្រែកស្រែអំបិល។

តាមគេហទំព័រហ្វេសប៊ុកអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២៩វិច្ឆិកានេះថា ក្រោយដឹងថាអណ្តើកនោះជាប្រភេទអណ្តើកហ្លួងដែលត្រូវការពារ អ្នកនេសាទបានយកមកប្រគល់ឱ្យក្រុមការងារអង្គការ WCS ប្រចាំស្រុកស្រែអំបិល ដើម្បីពិនិត្យព្យាបាល។

អណ្តើកទម្ងន់១៤,៩គីឡូក្រាមនេះ បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេង ធ្លាយពីលើដល់ក្រោម ទំនងជាត្រូវរបួស ដោយសារស្លាបចក្ររបស់ស្រឡាងដឹកខ្សាច់ ឬទំនិញធំៗ ដែលចរាចរតាមផ្លូវទឹក ផ្នែកខាងក្រោមនៃប្រព័ន្ធព្រែកស្រែអំបិលជាប់នឹងឆកសមុទ្រនៃស្រុកស្រែអំបិល។

យោងតាមការពិនិត្យមើលស្នាមរបួស អណ្ដើកហ្លួងនោះ ទំនងជាបានរងគ្រោះថ្នាក់អស់រយៈពេលជាងមួយខែហើយ ព្រោះមុខរបួសបានជាសះស្បើយស្ទើរតែទាំងស្រុង លើកលែងតែស្នូកទេ ដែលមិនទាន់តជាប់គ្នាៗវិញបាន។

អណ្តើកទម្ងន់១៤,៩គីឡូក្រាមនេះ បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេង ធ្លាយពីលើដល់ក្រោម។ រូបភាព៖ហ្វេសប៊ុក អង្គការ WCS

យោងតាមទិន្នន័យនៅក្នុងបន្ទះឈីប(Chip) ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារអង្គការ WCS អាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកនោះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមគម្រោងអភិរក្សអណ្តើកហ្លួង ដែលអនុវត្តដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផល។

ដោយពិនិត្យឃើញស្នាមរបួសមានសភាពធ្ងន់ធ្ងរ ក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងឆ្លងតាមការពិគ្រោះយោបល់ជាមួយអ្នកជំនាញនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបញ្ជូនអណ្ដើកនេះ ទៅកាន់មជ្ឈមណ្ឌល ACCB នៅក្នុងខេត្តសៀមរាប ដើម្បីពិនិត្យនិងព្យាបាល។

អណ្តើកហ្លួងត្រូវបានចាត់ទុកជាឧរង្គសត្វនិមិត្តរូបនៃកម្ពុជា ហើយអណ្តើកហ្លួងក៏ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ ជាប្រភេទដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទដែលអង្គការសាយតេស និងច្បាប់ជលផលកម្ពុជា ហាមដាច់ខាតមិនឱ្យចាប់ លក់ ដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម៕