យន្តហោះម៉ាស៊ីនមួយបានហោះទៅបុកបង្គោលភ្លៀងនៅរសៀលថ្ងៃអាទិត្យ ក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក។ រូបភាព៖ AP

អ្នកបើកបរយន្តហោះនិងអ្នករួមដំណើរបានរងរបួស បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿងបានហោះទៅបុកនឹងបង្គោលបញ្ជូនអគ្គិសនីក្នុងរដ្ឋម៉ារីឡែន(Maryland)សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអាទិត្យ ដោយបានបណ្ដាលឱ្យមានការដាច់ចរន្តអគ្គិសនីប្រើប្រាស់សម្រាប់មនុស្សរាប់ម៉ឺននាក់។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ AP។

មន្រ្តីពន្លត់អគ្គិភ័យបានលើកឡើងថា យន្តហោះបានហោះទៅបុកបង្គោលភ្លើងនៅម៉ោង៥និង៤០នាទីកាលពីរសៀលថ្ងៃអាទិត្យ និងបានជាប់នៅលើបង្គោលភ្លើងមានកម្ពស់៣០ម៉ែត្រពីដី។ ដំបូងឡើយ យន្តហោះនេះបានហោះទៅបុកនឹងខ្សែភ្លើងបង្គោលទី១ ហើយក៏បានហោះទៅបុកនិងគាំងជាប់នឹងបង្គោលភ្លើងទី២។

ជនរងគ្រោះនៅក្នុងយន្តហោះទាំងពីរនាក់ បានរង់ចាំអស់ជាច្រើនម៉ោង ទម្រាំក្រុមអ្នកជំនាញអាចចូលទៅជួយសង្គ្រោះបាន ដោយសារពួកគេត្រូវប្រឈមនឹងបញ្ហាស្មុកស្មាញ ដូចជាត្រូវធ្វើយ៉ាងណាកុំឱ្យយន្តហោះធ្លាក់ចេញពីបង្គោលភ្លើងមុនពេលជួយមនុស្សចេញ និងត្រូវធានាថាមិនមានចរន្តអគ្គិសនីនៅកន្លែងកើតហេតុ។

មន្រ្តីក្នុងតំបន់បានលើកឡើងថា ជនរងគ្រោះទាំងពីរនាក់ ត្រូវបានសង្គ្រោះយកចេញពីយន្តហោះនៅម៉ោងជាង១២យប់អាធ្រាត្យ ហើយបញ្ជួនទៅកាន់មន្ទីរពេទ្យ ដោយសារបានរងរបួសធ្ងន់ធ្ងរប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតឡើយ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដែលដំណើរការដោយម៉ាស៊ីនតែមួយ Mooney M20J បានចាកចេញពីទីក្រុង White Plains នៃរដ្ឋញូវយ៉ក ខណៈក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និងប៉ូលីសរដ្ឋម៉ារីឡែន កំពុងស៊ើបអង្កេតករណីគ្រោះថ្នាក់នេះ៕