លោកបណ្ឌិត យ៉ង សាំងកុមារ សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា មូលលោកធ្វើលិខិតដាក់ទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនចង់បានតួនាទីបុណ្យសក្ដិឡើយ គឺគ្រាន់តែចង់បានឱកាសប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងចំណង់ចំណូលចិត្តរបស់លោក ដើម្បីជួយកសិករឱ្យរីកចម្រើនប៉ុណ្ណោះ។

នៅក្នុងវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានGDPនៅថ្ងៃទី២៨វិច្ឆិកានេះ លោក យ៉ង សាំងកុមារ បានលើកឡើងថា តាមពិតលោកចង់លាឈប់ពីប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានដើម្បីសម្រាកតាំងពី២ខែមុន ហើយការលាលែងតំណែងនោះ មិនមែនលោកមានបំណងទៅចូលរួមជាមួយគណបក្សកាន់អំណាចឡើយ។

លោកបន្តថា ប៉ុន្តែដោយសារចៃដន្យមានការតែងតាំងរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ហើយស្របពេលកសិករកំពុងជួបប្រទះបញ្ហាស្រូវចុះថោក និងដោយសារលោកបានជួបជជែកជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្មថ្មីដែលការធានាថានឹងផ្ដល់សិទ្ធិឱ្យលោកដឹកនាំធ្វើផែនការ១២ចំណុចដើម្បីជួយកសិករ ដែលលោកបានស្នើឡើង ទើបបានជំរុញឱ្យលោកមានឆន្ទៈចង់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងចង់ជួបផ្ទាល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជជែកពិភាក្សាជុំវិញផែនការ១២ចំណុចនេះ។

លោក យ៉ង កុមារ ថ្លែងដូច្នេះថា៖«ខ្ញុំត្រូវជួបជាមួយសម្ដេច ដើម្បីពិភាក្សារឿងហ្នឹង ហើយប្រសិនបើមានការសម្រេចចុងក្រោយ ហើយគាត់មានការគាំទ្រគំនិតបែបហ្នឹង យើងនឹងធ្វើការសម្រេចជាក់លាក់តែម្ដង…។ ខ្ញុំគ្រាន់តែបញ្ជាក់ថា ខ្ញុំគ្មានអីក្រៅពីចង់ប្រើប្រាស់ចំណេះដឹងនិងបទពិសោធន៍ហ្នឹង ដើម្បីជួយដល់កសិករខ្មែរបានខ្លះទៅ។ ប្រសិនបើខ្ញុំមិនអាចមានលទ្ធភាព មិនអាចមានលក្ខខណ្ឌចាំបាច់ដើម្បីធ្វើការងារហ្នឹង ខ្ញុំក៏មិនចាំបាច់អីទៅចូលរួម(គណបក្សប្រជាជន)ដែរ។ មិនមែនខ្ញុំទៅយកតំណែងឬក៏តួនាទី គឺអត់ទេ»។

លោកបន្ថែមថា មូលហេតុដែលលោកបានសំណមពរចង់ជួបផ្ទាល់សម្ដេច ហ៊ុន សែន គឺដើម្បីពិភាក្សាឱ្យបានច្បាស់លាស់ពីតួនាទីឬតំណែងក្នុងក្របខណ្ឌក្រសួងកសិកម្មនៃរាជរដ្ឋាភិបាល ដែលលោកត្រូវទទួលបានក្នុងការចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីដឹកនាំធ្វើគម្រោងដែលលោកបានស្នើឡើង។ ការលើកឡើងនេះ ស្របពេលលោក យ៉ង សាំងកុមារ និងមន្រ្តីគណបក្សប្រជាធិបតេយ្យមូលដ្ឋានម្នាក់ទៀតដែលសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គឺលោក ឡឹក សុធារ បានជួយសម្ដេច ហ៊ុន សែន ផ្ទាល់នៅថ្ងៃចន្ទនេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្រ្តី។

ជំនួបពិភាក្សាការងារកសិកម្ម ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ វិច្ឆិកានេះ។ រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន

លោក យ៉ង សាំងកុមារ បានសរសេរបង្ហោះតាមហ្វេសប៊ុកដែរថា ពួកលោកទាំងពីរដែលទើបចុះចូលជាមួយគណបក្សកាន់អំណាច រួមទាំងរដ្ឋមន្រ្តីក្រសួងកសិកម្មបានជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្រ្តីអស់រយៈពេល២ម៉ោង ក្នុងបរិយាកាសល្អអំពីស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ ទស្សនវិស័យនិងវិធានការកែលម្អជា ពិសេសផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត។

លោក យ៉ង សាំងកុមារ បញ្ជាក់ថា សំណើរ១២ចំណុចដែលបានដាក់ទៅរដ្ឋាភិបាលនោះ នឹងអាចជួយដោះស្រាយបញ្ហាជូនគ្រួសារកសិករជាង១លានគ្រួសារបានល្អប្រសើរ ប្រសិនបើការអនុវត្ត៥ឆ្នាំទទួលបានជោគជ័យ។

សំណើរទាំងនោះ រួមមាន ពង្រីកការស្រាវជ្រាវផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវសុទ្ធល្អដល់កសិករ សម្រាប់ពូជដែលមានតម្រូវការខ្ពស់លើទីផ្សារ។ បណ្ដុះបណ្ដាល ណែនាំ និងផ្ដល់យោបល់ដល់កសិករ ជាពិសេសលើការប្រើប្រាស់ពូជ ធាតុចូល និងការគ្រប់គ្រងក្រោយពេលប្រមូលផល។

រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិករអ្នកផលិតស្រូវ ដោយធ្វើបច្ចុប្បន្នភាពរាល់រដូវ។ រៀបចំឲ្យមាន និងពង្រឹងសហគមន៍កសិករអ្នកផលិតនៅតាមភូមិ ឃុំ ដោយមានកន្លែងប្រមូលផ្ដុំ កន្លែងសម្ងួត និងឃ្លាំងស្តុកស្រូវ។ រៀបចំឲ្យមានប្រព័ន្ធទិន្នន័យរោងម៉ាស៊ីនស្រូវ ដោយសហការណ៍ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ សម្របសម្រួលឲ្យមានការសហការ និងកិច្ចសន្យារវាងសហគមន៍កសិករនិងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនជំនួញស្រូវអង្ករ។

កំណត់ស្តង់ដារ និងយន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពស្រូវ និងការកំណត់តម្លៃអប្បបរមាស្រូវតាមប្រភេទពូជ មានដូចជាពូជក្រអូបប្រណីត ពូជក្រអូបធម្មតា និងពូជស្រូវប្រាំងធម្មតា។ ធ្វើការជាមួយធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបង្កើនទុនដល់រោងម៉ាស៊ីន ក្រុមហ៊ុនជំនួញស្រូវអង្ករ និងសហគមន៍កសិករ។ រៀបចំឲ្យមានគណៈកម្មាធិការដឹកនាំគម្រោង នៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ។ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ទទួលខុសត្រូវលើការអនុវត្តគម្រោង ដោយមានមន្រ្តីកសិកម្ម ធ្វើការផ្ទាល់ជាមួយកសិករ និងអាជ្ញាធរមូលដ្ឋាន។ រៀបចំឲ្យមានប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃគម្រោងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងចុងក្រោយ ប្រើប្រាស់ថវិកាជាតិ និងថវិកាមកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តគម្រោងនេះ៕