ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន នឹងដំឡើងស្ថានីយបញ្ចូលថ្ម២០០ទីតាំងនៅកម្ពុជាត្រឹមឆ្នាំ២០២៣។រូបភាព៖ ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រុមហ៊ុន BYD Auto Industry នឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នា នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៣ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

ក្រុមហ៊ុន BYD Auto Industry លើកឡើងបែបនេះ ក្នុងឱកាសលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ និងក្រុមហ៊ុន HUAN YA HE ZHONG (Cambodia) Trading Co.,Ltd ដឹកនាំដោយ លោក Marco Mok នាយកប្រតិបត្តិ BYD Cambodia ជួបពិភាក្សាការងារ ដើម្បីរិះរកវិធានការ និងវិធីសាស្ត្រផ្សេងៗជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធស្វែងរកទីតាំង ដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។ រូបភាព៖ ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន

តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅក្នុងការចូលរួមពង្រីក ការប្រើប្រាស់យានយន្តអគ្គិសនី ដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្ហាញផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធស្វែងរកទីតាំង ដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។

លោក ស៊ុន ចាន់ថុល បានឯកភាពជួយសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។

រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន ដើម្បីបង្កើតបទដ្ឋានគតិយុត្ត និងរៀបចំយុទ្ធសាស្ត្រផ្សេងៗ មានដូចជា ការបញ្ចុះតម្លៃពន្ធនាំចូលយានយន្តអគ្គសនីជាដើម ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ឱ្យមានការកើនឡើងកាន់តែច្រើន។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងស្នើឱ្យក្រសួងរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនី បានទាន់តម្រូវការ។

គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីបានចំនួន ៣ ទីតាំង រួចមកហើយ គឺទី ១ ស្ថិតនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី ២ នៅក្នុងខេត្តព្រះសីហនុ និងទីតាំងទី ៣ នៅក្នុងក្រុងសៀមរាប៕