ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លូនបានដឹកជញ្ជូនរថយន្តអគ្គិសនីដំបូងចំនួន៩៩៩គ្រឿងទៅកាន់សហរដ្ឋអាមេរិក ហើយរំពឹងថា នឹងប្រគល់ទៅឱ្យអតិថិជននៅចុងខែធ្នូនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់សារព័ត៌មានReuters។

នាយកប្រតិបត្តិក្រុមហ៊ុន VinFast លោកស្រី Le Thi Thu Thuy បានលើកឡើងថា រថយន្តSUVអគ្គិសនីVF៨ ដែលត្រូវបានដឹកជញ្ជូននៅថ្ងៃសុក្រនេះ គឺភាគច្រើនប្រគល់ទៅឱ្យអ្នកលក់រាយដែលបានបញ្ជាទិញនៅសហរដ្ឋអាមេរិក។ លោកស្រីបន្តថា ក្រុមហ៊ុនរំពឹងនឹងដឹកជញ្ជូនរថយន្តអគ្គិសនីជើងទីពីរនៅទៅសហរដ្ឋអាមេរិក នៅក្នុងខែមករាខាងមុខនេះ។

ក្រុមហ៊ុនវៀតណាមនេះ ក៏កំពុងដំណើរការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដោយផ្ទាល់នៅរដ្ឋ North Carolina នឹងរំពឹងថា រោងចក្រនេះ នឹងអាចចាប់ផ្ដើមការផលិតនៅក្នុងខែកក្កដាឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Le Thi Thu Thuy។

ក្រុមហ៊ុន VinFast បានបញ្ជាក់ទៀតថា មកដល់ពេលនេះ ខ្លួនទទួលបានការបញ្ជាទិញរថយន្តសរុបចំនួន៦ម៉ឺន៥ពាន់គ្រឿងនៅទូទាំងពិភពលោក ហើយរំពឹងថា នឹងអាចលក់រថយន្តបាន៧សែន៥ម៉ឺនគ្រឿងជាប្រចាំឆ្នាំចាប់ពីឆ្នាំ២០២៦ទៅ។

លោកស្រី Le Thi Thu Thuy បានលើកឡើងទៀតថា រថយន្តដែលត្រូវបានជ្រើសត្រឹមតែ៩៩៩គ្រឿងដើម្បីដឹកជញ្ជូនទៅសហរដ្ឋអាមេរិកជាលើកដំបូងនេះ គឺជាលេខសំណាងមួយនៅក្នុងប្រទេសវៀតណាម ខណៈកប៉ាល់ដែលជួលពីប្រទេសប៉ាណាម៉ា គឺបានផ្ទុករថយន្តរហូត២ពាន់គ្រឿងឯណោះ។

ភាគហ៊ុនក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេឈ្មោះ Vinggroup ដែលជាក្រុមហ៊ុនវិនិយោគលើអចលទ្រព្យ និងអាជីវកម្មអភិវឌ្ឍន៍រមណីដ្ឋាននៅក្នុងប្រទេសវៀតណាម បានកើនឡើងចំនួន៥.៤១ភាគរយ៕