្រុមហ៊ុន Doppelmayr Group ដែលជាក្រុមហ៊ុនអភិវឌ្ឍកន្ត្រកខ្សែរ៉តលំដាប់ពិភពលោករបស់ប្រទេសអូទ្រីស បង្ហាញចំណាប់អារម្មណ៍វិនិយោគកន្ត្រកខ្សែរ៉តនៅក្នុងខេត្តព្រះសីហនុ។រូបភាព៖​ហ្វេសប៊ុក រដ្ឋបាលខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន Doppelmayr Group ដែលជាក្រុមហ៊ុនអភិវឌ្ឍកន្ត្រកខ្សែរ៉តលំដាប់ពិភពលោករបស់ប្រទេសអូទ្រីស បង្ហាញចំណាប់អារម្មណ៍វិនិយោគកន្ត្រកខ្សែរ៉តនៅក្នុងខេត្តព្រះសីហនុ ដែលជាតំបន់សក្តានុពលទេសចរណ៍និងពាណិជ្ជកម្ម។

ការបង្ហាញចំណាប់អារម្មណ៍ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស កាលពីថ្ងៃទី២៤ វិច្ឆិកា នៅសាលាខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។រូបភាព៖​ហ្វេសប៊ុក រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនមកវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

ក្នុងជំនួបនេះ លោក ឯម ភាព បានណែនាំឱ្យក្រុមហ៊ុនវិនិយោគកន្ត្រកខ្សែរ៉តនៅតំបន់កោះរ៉ុង ហើយជួយនាំអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។

លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានឱ្យដឹងថា ក្រុមហ៊ុនលោកកំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគលើការរៀបចំសកម្មភាពកម្សាន្ត មានទោងយោល ខ្សែរ៉ត និងសកម្មភាពកម្សាន្តទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាចរៀបចំនៅខេត្តព្រះសីហនុ។

លោកលើកឡើងដូច្នេះថា៖«ក្រុមហ៊ុនមានទស្សនវិស័យវិនិយោគលើវិស័យទេសចរណ៍ កន្ត្រកខ្សែរ៉ត ដែលមានការពាក់ព័ន្ធនិងគមនាគមន៍ដឹកជញ្ជូន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ»។

បច្ចុប្បន្ន ក្រុមហ៊ុននេះបានអភិវឌ្ឍន៍កន្ត្រកខ្សែរ៉តនៅប្រទេសចំនួន៥០ ក្នុងនោះ មានកន្ត្រកខ្សែរ៉តតំបន់ភ្នំ ខ្សែរ៉តការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉តដឹកជញ្ជូនឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត៕