
រាជបណ្ឌិត្យសភាបានសហការជាមួយអង្គការGIZរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីផលិតទឹកដោះក្របីជាលើកដំបូង នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍពូជក្របីនៅកម្ពុជា ខណៈពូជក្របីខ្លះកំពុងប្រឈមការផុតពូជ និងដើម្បីជួយលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ពលរដ្ឋនៅទីជនបទ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៤ វិច្ឆិកាថា អង្គការ GIZ បានសម្រេចសហការផលិតទឹកដោះក្របី ដោយសាររាជបណ្ឌិត្យសភាកំពុងមានពូជក្របីស្រាប់ និងជាកន្លែងសិក្សាស្រាវជ្រាវ។
លោកថ្លែងដូច្នេះថា៖«យើងឃើញហើយថា រាជបណ្ឌិត្យសភាចេញទៅ គឺគេមានជំនឿជាក់ថា យើងធ្វើ ហើយគេគ្រាន់តែមកសហការ៣ចំណុចទេ ទី១គេយកស្ពែម(មេជីវិត)ពីឥណ្ឌា ទី២ គេអាចជួយយើងលើវ៉ាក់សាំង ព្រោះរាជបណ្ឌិត្យសភា ក៏មានថវិកាកំណត់ក្នុងការចាក់វ៉ាក់សាំង ហើយចំណុចទី៣ គេជួយយើងទៅលើបញ្ហាផ្តល់នូវថវិកា នៅពេលមានអាសន្នណាមួយ គេអាចទិញឧបករណ៍ឡាបូ(មន្ទីរពិសោធន៍)មក»។
លោកបន្តថា ក្រោយបញ្ចប់ការផលិតទឹកដោះក្របីនេះ អង្គការ GIZ នឹងណែនាំកសិករ ដែលធ្លាប់តែចិញ្ចឹមក្របីតាមបែបបុរាណ ឱ្យមកចិញ្ចឹមបែបវិទ្យាសាស្ត្រវិញ។ លោកថា ប្រជាជននៅកម្ពុជាមានការក្រេសក្រិន មិនសូវមានការលូតលាស់ ដោយសារបរិភោគអាហារមិនសូវមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាពិសេសនៅតាមតំបន់ជនបទ។

លោកថ្លែងដូច្នេះថា៖«ក្របីនៅកម្ពុជាអត់ដែលមានយក(ទឹកដោះ)ទេ យើងមិនទាន់ដឹងថា ទឹកដោះក្របីមានគុណភាពខ្ពស់ប៉ុណ្ណោនោះទេ ប៉ុន្តែតាមអ្វីដែលGIZ បាននិយាយថា មានគុណភាពខ្ពស់ជាងទឹកដោះគោ បន្ទាប់ពីទឹកដោះពពែ គឺទឹកដោះក្របីហ្នឹងហើយ សម្រាប់ខ្ញុំក៏មិនទាន់ដឹងច្បាស់ទេ។ ឥឡូវនេះយើងកំពុងចាប់ផ្តើមបង្កាត់ទេ កូន(ក្របី) យើងមានហើយគ្រាន់តែថា យើងទាមទារឱ្យកូនវាបៅសិន ចាំវារឹងដៃ រឹងជើងតិច បានយើងចាប់ផ្តើមយកទឹកដោះ ហើយទឹកដោះហ្នឹងតាមមើលទៅបានតែ៥លីត្រទេ អត់ដូចគោទេ»។
លោកបន្ថែមថា បច្ចុប្បន្នរាជបណ្ឌិត្យសភាមានក្របី១២០ក្បាល ក្នុងនោះមានពូជ ក្របីសំពៅ ស្រងែ ឃ្លៀច និងកតាំង ហើយវាត្រូវបានប្រមូលទិញពី ខេត្តកំពង់ធំ កណ្តាល ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ និងព្រះវិហារ។ លោកបញ្ជាក់ថា ក្របីទាំងអស់នេះពុំទាន់បានច្របាច់យកទឹកដោះនោះទេ ដោយសារគម្រោងនេះទើបបានចាប់ផ្តើមក្នុងរយៈពេល១ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
ក្រៅពីប្រភេទក្របីទាំងនេះ នៅក្នុងឧទ្យានតេជោសែនឫស្សីត្រឹប មានចិញ្ចឹមសត្វជាច្រើនប្រភេទទៀតដូចជា គោទឹកដោះ គោសាច់ ពពែ ចៀម និងកន្ធាយ។ ឧទ្យានតេជោសែនឫស្សីត្រឹបមានទីតាំងស្ថិតនៅក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងទំហំផ្ទៃដីសរុបចំនួន ១១៤ គីឡូម៉ែតការ៉េ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ក្នុងគោលបំណងអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ និងកែប្រែតំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ៕
- ការធ្លាក់សពីរប្រភេទ ដែលស្រ្ដីគួរយល់ដឹង - នៅថ្ងៃទី 30/12/2022
- ខេត្តចំនួន៣នឹងអនុវត្តគម្រោងលើកកម្ពស់សន្តិសុខស្បៀងដល់គ្រួសារក្រីក្រ - នៅថ្ងៃទី 30/12/2022
- មន្ត្រី៖ ត្រីប្រហុកឆ្នាំនេះអាចនឹងមានច្រើនជាងឆ្នាំមុន ដោយសារអាកាសធាតុអំណោយផល - នៅថ្ងៃទី 30/12/2022