កម្ពុជា​ភាគច្រើន​នាំចេញ​ប្រភេទអង្ករសែនក្រអូប​ SKO,អង្ករដំណើប DSMK និង​ម្លិះអង្គរ ទៅទីផ្សារអន្តរជាតិ។​រូបភាព៖​ហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា

រដ្ឋាភិបាលចិននឹងសម្រេចឱ្យកម្ពុជានាំអង្ករចូលទីផ្សារខ្លួនក្នុងបរិមាណ៤០ម៉ឺនតោន សម្រាប់កូតានាំចេញឆ្នាំ២០២៣ ប៉ុន្តែកូតានាំចេញអង្ករទៅចិនទំនងជាមិនគ្រប់ចំនួននៅឆ្នាំនេះនោះទេ ព្រោះបញ្ហាការបញ្ជាទិញពីចិនមានភាពរអាក់រអួល។

ការនាំចញអង្ករកម្ពុជាបាន​គ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៥០%នៅក្នុងឆ្នាំ២០២១។

សមាជិក​សហព័ន្ធស្រូវអង្ករកម្ពុជា បាន​ដឹកអង្ករលក់នៅរាជធានីភ្នំពេញ កាលពីអំឡុង​មានការបិទខ្ទប់ទីក្រុង​នៃការរីករាលដាលជំងឺកូវីដ១៩ កាលពី​ឆ្នាំ២០២១កន្លងទៅ​។​រូបភាព៖​ហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា

លោក ស៊ាង ថៃ មន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់សារព័ត៌មានខ្មែរណាស់ថា មិនទាន់មានផែនការចុះហត្ថលេខាលើ MOU លើកូតាថ្មីនេះនៅឡើយទេ ព្រោះការអនុវត្តកូតាចាស់មិនទាន់ចប់នៅឡើយ។

លោកថ្លែងថា៖«បើយើងអនុវត្ត Quota អស់មុនខែឧសភា ឆ្នាំ២០២៣ ភាគីកម្ពុជា-ចិន នឹងពិភាក្សាចុះ MOU មុនកាលកំណត់ បើមិនដូច្នោះទេ នឹងមានការចុះហត្ថលេខាក្រោយខែឧសភា ២០២៣»។

កម្ពុជាទទួលបានកូតានាំចេញអង្ករទៅចិនក្នុងមួយឆ្នាំ៤០ម៉ឺនតោន ដែលចាប់អនុវត្តពីឆ្នាំ២០២០។

លោកក ឧកញ៉ា ចាន់ សុខឃាំង ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានសហព័ន្ធស្រូវអង្ករថ្មីកាលពីថ្ងៃទី២៣វិច្ឆិកាម្សិលមិញ។រូបភាព៖​ហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា​

លោកឧញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាទើបត្រូវបានជ្រើសរើសថ្មី បានឱ្យដឹងថា ការបញ្ជាទិញអង្ករកម្ពុជាពីភាគីចិនហាក់មានការយឺតយ៉ាវនៅឆ្នាំនេះ ដោយសាររូបិយប័ណ្ណអន្តរជាតិមានការប្រែប្រួលខ្លាំង ខណៈលោកកត់សម្គាល់ថា ការអនុវត្តកូតាថ្មីសម្រាប់ឆ្នាំ២០២៣នឹងមានរូបភាពប្រហាក់ប្រហែលឆ្នាំមុនដែរ។

លោកថ្លែងដូច្នេះថា៖«ខ្ញុំគិតថាដូចរូបភាពឆ្នាំមុនច្រើនជាង ហើយយើងឃើញថាខាងភាគីចិនរៀងយឺតយ៉ាវការបញ្ជាទិញដោយសារតម្លៃនៃការប្តូររូបបិយប័ណ្ណមានការប្រែប្រួលខ្លាំងក្នុងទីផ្សារអន្តរជាតិ។ អ៊ីចឹងធ្វើឱ្យអ្នកបញ្ជាទិញមួយចំនួនត្រូវរង់ចាំមើលសិន។ តាមខ្ញុំគិតប្រហែលជា [ការនាំចេញអង្ករកម្ពុជាទៅចិន] ចូលដល់៣០ម៉ឺនតោន ឬ៣០ម៉ឺនតោន បន្តិចបន្តួចសម្រាប់ទីផ្សារចិនឆ្នាំ២០២២នេះ»។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។រូបភាព៖ ធូវិរៈ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងថា ការនាំចញអង្ករកម្ពុជាសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៥០%នៅក្នុងឆ្នាំ២០២១ ហើយលោកជឿជាក់ថា ឆ្នាំ២០២២នេះ នឹងបន្តកើនឡើងថែមទៀត ដោយសារការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួន ៤០ម៉ឺនតោននាពេលកន្លងមក។

ការលើកឡើងរបស់លោកត្រូវបានធ្វើឡើងនៅក្នុងសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៤ នៅថ្ងៃទី២៣ វិច្ឆិកានេះ។

កម្ពុជាបាននាំចេញអង្ករក្នុងរយៈពេល ១០ខែឆ្នាំ២០២២ កើនឡើង ១០,៦៧% ដែលមានបរិមាណសរុបចំនួនជាង ៥០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួនជាង ៣២៣លានដុល្លារ ក្នុងនោះ ប្រទេសចិនគ្រប់ដណ្តប់លើការនាំចេញសរុបចំនួនជាង ៤៥% ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។នេះបើតាមលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕