បុគ្គលិកការពារ ពាក់ឈុតការពារអង្គុយនៅក្នុងបរិវេណលំនៅឋានដែលត្រូវបានបិទខ្ទប់ ខណៈការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បន្តនៅក្នុងទីក្រុងប៉េកាំង នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ រូបភាព៖ REUTERS

ប្រទេសចិនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ពីចំនួនអ្នកឆ្លងកូវីដប្រចាំថ្ងៃដ៏ខ្ពស់បំផុតមួយ។ បើតាមតួលេខ គឺនៅថ្ងៃពុធម្សិលមិញ ចិនមានអ្នកឆ្លងកូវីដថ្មីចំនួន៣១,៤៤៤នាក់ គឺជាចំនួនបំបែកកំណត់ត្រាការឆ្លងខ្ពស់បំផុតមួយកាលពីថ្ងៃទី១៣ខែមេសា គឺនៅពេលដែលទីក្រុងសៀងហៃត្រូវបានបិទខ្ទប់អស់រយៈពេល២ខែ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

ការឆ្លងក្នុងកំណត់ត្រាដ៏ខ្ពស់ ដែលមិនធ្លាប់មានចាប់តាំងពីការផ្ទុះឆ្លងនៅក្នុងទីក្រុងសៀងហៃនៅដើមឆ្នាំនេះ កំពុងបន្ថយក្ដីសង្ឃឹមរបស់ក្រុមអ្នកវិនិយោគដែលចង់ធ្វើឱ្យមានការបន្ធូរបន្ថយគោលនយោបាយកូវីដសូន្យ ដែលកំពុងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច។

ការចាត់វិធានការដ៏តឹងរឹងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ បាននាំឱ្យមានការមិនពេញចិត្ត រហូតកើតមានអំពើហិង្សានៅតាមរោងចក្រមួយចំនួននៅក្នុងប្រទេសចិន រួមទាំងនៅក្នុងរោងចក្រIphoneដ៏ធំរបស់ពិភពលោក ដោយសារការប៉ះទង្គិចគ្នារវាងបុគ្គលិកនិងក្រុមសន្ដិសុខ។ អ្នកវិភាគជឿជាក់ថា ការបើកដំណើរការឡើងវិញរបស់ចិន ទំនងត្រូវអូសបន្លាយយូរបន្ថែមទៀត។

ប្រទេសចិនបានអនុវត្តគោលនយោបាយសូន្យកូវីដ ដែលមានវិធានការដ៏តឹងរឹងបំផុតនៅក្នុងពិភពលោកដើម្បីការពារកុំឱ្យមានអ្នកស្លាប់​ និងការពារប្រព័ន្ធសុខាភិបាលត្រូវដួលរលំ។ ប៉ុន្តែដោយសារការទទួលស្គាល់ថា គោលនយោបាយនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច គឺអាជ្ញាធរចិនកាលពីពេលថ្មីៗនេះ បានចាប់ផ្ដើមបន្ធូរបន្ថយវិធានការមួយចំនួន ពាក់ព័ន្ធនឹងការធ្វើតេស្ដទ្រង់ទ្រាយធំ ការដាក់ឱ្យនៅដាច់ដោយឡែក និងការចៀសវាងការបិទខ្ទប់ទីក្រុងទាំងមូល ដូចដែលធ្លាប់ធ្វើទៅលើទីក្រុងសៀងហៃដែលមានប្រជាជនសរុប២៥លាននាក់៕