ចិនបានអនុញ្ញាតឱ្យនាំចូលម្រេចនិងត្រីពីកម្ពុជាចាប់ពីថ្ងៃទី២១វិច្ឆិកានេះ។ រូបភាព៖ ស្ថានទូតចិនប្រចាំកម្ពុជា

រដ្ឋបាលគយប្រទេសចិន បានអនុញ្ញាតឱ្យនាំចូលម្រេច និងត្រីធម្មជាតិពីកម្ពុជា ចាប់ពីថ្ងៃទី២១វិច្ឆិកានេះ ទៅ បន្ទាប់ពីភាគីចិនបានបញ្ចប់ការត្រួតពិនិត្យលក្ខខណ្ឌតម្រូវការភូតគាមអនាម័យ ដើម្បីសម្រេចឱ្យនាំចូលម្រេចនិងជលផលធម្មជាតិពីកម្ពុជា។

ការសម្រេចនេះបានកើតឡើងបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៩វិច្ឆិកា ក្រោមវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព អំឡុងពេលថ្នាក់ដឹកនាំចិនរូបនេះ បានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

យោងតាមប្រកាសរបស់រដ្ឋបាលគយប្រទេសចិន ផ្សាយដោយស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី២១វិច្ឆិកានេះឱ្យដឹងថា យោងតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ស្តីពីលក្ខខណ្ឌតម្រូវការ ភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជា ទៅកាន់ប្រទេសចិនបានឱ្យដឹងថា ចាប់ពីថ្ងៃនៃការប្រកាសនេះ បានអនុញ្ញាតឱ្យាំចូលតែម្រេច និងជលផលធម្មជាតិពីកម្ពុជា។

លោក វន់ សាវឿន អ្នកដាំម្រេច នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៤វិច្ឆិកានេះថា សព្វថ្ងៃម្រេចប្រភេទធម្មតាមានតម្លៃ១ម៉ឺន១ពាន់រៀល ដែលជាទូទៅកសិករលក់ទៅឱ្យឈ្មួញនៅប្រទេសថៃ និងវៀតណាម។ លោកបន្តថា បច្ចុប្បន្នកសិករបានចាប់ផ្តើមបោះបង់ការថែទាំម្រេចអស់មួយចំនួនហើយ ដោយសារតម្លៃជាង១ម៉ឺនរៀលនេះ ដោយសារមិនទទួលបានផលចំណេញញ។

លោកថ្លែងដូច្នេះថា៖«ម្រេចពាក់ព័ន្ធនឹងតម្លៃចម្បង បើសិនជាតម្លៃបានថ្លៃ អ្វីៗដោះស្រាយបានខ្លះ បើតម្លៃវាមានបញ្ហាហើយ វាប៉ះពាល់ទាំងអស់បន្តគ្នា ហើយអ្នកខ្លះដោះអត់ចេញ គឺក្រវាត់ចោល។ បើមានតម្លៃថ្លៃអ្វីក៏ដោះស្រាយបានដែរ ឧទាហរណ៍ថា បញ្ហាប្រេងឡើងថ្លៃ ក៏គ្មានបញ្ហាអ្វីដែរ ព្រោះយើងនៅតែមានលុយទៅទិញប្រេងយកមកស្រោចដំណាំ កម្លាំងពលកម្ម ជីឡើងថ្លៃ ក៏យើងមានលុយទុកសម្រាប់ចំណាយ»។

លោកបន្តថា លោកបានទទួលព័ត៌មានចិនទទួលទិញម្រេចពីកម្ពុជា ប៉ុន្តែលោកមិនទាន់យល់ច្បាស់ពីនិតីវិធីនាំចេញយ៉ាងណានោះទេ ដូច្នេះលោកស្នើឱ្យមានមន្ត្រីចុះណែនាំកសិករពីរបៀបដាំម្រេចឱ្យត្រូវតាមស្តង់ដារនាំចេញ។ លោកបញ្ជាក់ដែរថា កសិករបច្ចុប្បន្នដាំម្រេចតាមបែបធម្មជាតិ ដោយមិនប្រើប្រាស់ជីនិងថ្នាំនោះទេ ព្រោះពួកគាត់គ្មានថវិកា ដើម្បីទិញថ្នាំមកបាញ់ម្រេចនោះទេ។

យោងតាមរបាយការណ៍ឆ្នាំ២០២១ កម្ពុជាបាននាំចេញម្រេចសរុបចំនួន ២៨០៧៤តោន កើនឡើងចំនួន៤៥ ភាគរយ ក្នុងនោះវៀតណាម គឺជាទីផ្សារនាំចេញធំបំផុតដែលមានចំនួន២៧១១៧តោន។ ក្រៅពីវៀតណាម កម្ពុជានាំចេញម្រេចទៅអឺរ៉ុប អាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត៕